លោក ហ្សេលេនស្គី ស្នើសុំជំនួយប្រព័ន្ធការពារដែនអាកាស ខណៈក្រុមប្រទេស G7 សន្យាបន្តការគាំទ្រដល់អ៊ុយក្រែន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មេដឹកនាំនៃក្រុមប្រទេស G7 ដើម្បីសុំជំនួយប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ខណៈដែលប្រទេសប្រជាធិបតេយ្យដែលមានជាងគេបំផុតលើពិភពលោកទាំងប្រាំពីរនេះ បានសន្យាថា នឹងបន្តគាំទ្រទីក្រុងកៀវឱ្យបានយូរតាមតែខ្លួនត្រូវការ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញរបស់មេដឹកនាំក្រុមប្រទេស G7 ត្រូវបានធ្វើឡើងក្នុងថ្ងៃអង្គារសប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីមីស៊ីលជាច្រើនគ្រាប់បានធ្លាក់ចំទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។
លោក ហ្សេលេនស្គី បានឆ្លើយតបដោយការអំពាវនាវឱ្យមេដឹកនាំ G7 ផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធខែលការពារដែនអាកាស ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី។ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំ G7 លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំកំពុងស្នើសុំឱ្យអ្នក (មេដឹកនាំ G7) ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីជួយផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការបង្កើតប្រព័ន្ធខែលការពារដែនអាកាសសម្រាប់អ៊ុយក្រែន។ មនុស្សរាប់លាននាក់នឹងដឹងគុណដល់ក្រុមប្រទេស G7 សម្រាប់ជំនួយបែបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅចុងបញ្ចប់ នៃកិច្ចប្រជុំ G7 ក្រុមមេដឹកនាំបានសន្យាបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា ការទូត និងផ្លូវច្បាប់ ដរាបណាវាចាំបាច់សម្រាប់អ៊ុយក្រែន ។
ពួកគេបានរំលឹកឡើងវិញថា ការវាយប្រហារលើជនស៊ីវិល គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយប្តេជ្ញាថា នឹងចាប់ខ្លួនលោក ពូទីន រួមទាំងអ្នកដែលទទួលខុសត្រូវលើការវាយប្រហារនេះ។ ទោះបីជាយ៉ាងណា ក្រុមមេដឹកនាំ G7 មិនបានឆ្លើយតបជាពិសេសចំពោះសំណើរបស់លោក ហ្សេលេនស្គី សម្រាប់ការបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែននោះទេ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា
