គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនៈកិច្ចនៅកំពង់ផែស្វយ័តភ្នំពេញ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងសកម្មភាពអាជីវកម្មកំពង់ផែ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មកកាន់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការកំពង់ផែ។
តបតាមការអញ្ជើញរបស់ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក-សមាជិកា ដែលជាថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងប្រធាន-អនុប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៨ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពកំពង់ផែស្វយ័តភ្នំពេញ នៅចំណតផែកុងជឺន័រ LM១៧ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឯកឧត្តម ហ៊ឺ បាវី បានជម្រាបអ្នកឧកញ៉ាប្រធានថា កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) បាននិងកំពុងធ្វើការអភិវឌ្ឍចំណតដែរណបតាមដងទន្លេ បន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មកំពង់ផែឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងជម្រុញការដឹកជញ្ជូនផ្លូវទឹក ក្នុងនោះរួមមាន ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ចំណតផែរណបពហុបំណង UM១ មានទីតាំងស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល, ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នៅកំពង់ផែស្វយ័តភ្នំពេញ ក៏មានបានស្តាប់បទបង្ហាញអំពីការអភិវឌ្ឍ និងសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការរបស់កំពង់ផែ, ទស្សនកិច្ចសកម្មភាពប្រតិបត្តិការនៃចំណតផែកុងតឺន័រ LM១៧, ទស្សនាផ្លូវទឹកពីចំណតផែកុងតឺន័រ LM១៧-ទន្លេចតុមុខ-ចំណតផែរណបពហុបំណង TS៣ និងពិសារអាហារសាមគ្គីផងដែរ៕ ដោយ វណ្ណលុក

