មេដឹកនាំ G7 ថ្កោលទោស និងហៅការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅអ៊ុយក្រែនថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”

កៀវ៖ មេដឹកនាំក្រុមប្រទេស G7 បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារមិនរើសមុខលើជនស៊ីវិលស្លូតត្រង់ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម”។

មេដឹកនាំក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍ខាងលើ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូអនឡាញរបស់ពួកគេ ដែលត្រូវបានចូលរួមផងដែរដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

ក្រុមមេដឹកនាំបានបញ្ជាក់យ៉ាងដូច្នេះថា ពួកគេថ្កោលទោសការវាយប្រហារទាំងនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ហើយថា នឹងចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអ្នកទទួលខុសត្រូវ។ បន្ថែមលើនេះ ក្រុមមេដឹកនាំក៏បានរិះគន់រុស្ស៊ីផងដែរ ចំពោះវោហាសាស្ត្រនុយក្លេអ៊ែរដែលមិនទទួលខុសត្រូវរបស់ខ្លួន ដោយពួកគេបានបញ្ជាក់សារជាថ្មីថា ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរដោយរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

បើតាមសេចក្តីថ្លែងការណ៍រួម ក្រុមមេដឹកនាំ G7 បានសន្យាថា នឹងបន្តដាក់បន្ទុកសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ី ដោយពួកគេក៏បានចង្អុលបង្ហាញដែរថា នឹងពិចារណាប្រើប្រាស់មូលនិធិដែលរឹបអូសបានពីរុស្ស៊ី សម្រាប់ការងារស្តារ និងកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner