មូលនិធិរូបិយវត្ថុអន្តរជាតិ ទាញសញ្ញាអាសន្នថា វិបត្តិសេដ្ឋកិច្ចសកលដ៏អាក្រក់បំផុតមិនទាន់មកដល់នោះទេ

អន្តរជាតិ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបន្ទាបការព្យាកររបស់ខ្លួនម្តងទៀត ចំពោះសេដ្ឋកិច្ចពិភពលោកដោយព្រមានខ្លាំងៗថា ភាពធ្ងន់ធ្ងរបំផុតនៅមិនទាន់មកដល់នៅឡើយទេ។ IMF ព្យាករថា អតិផរណាសកល នឹងឡើងដល់ចំណុចកំពូលនៅចុងឆ្នាំ២០២២នេះ ហើយមនុស្សជាច្រើន នឹងមានអារម្មណ៍ថាពួកគេរស់នៅជាមួយនឹងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ ខាងមុខ។

នៅអង្គារ ទី១១តុលា ឆ្នាំ២០២២ IMF បាននិយាយជាមួយនឹងការរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះដល់ ២,៧ភាគរយ នៅឆ្នាំក្រោយ ជាមួយនឹងប្រូបាប៊ីលីតេ ២៥ភាគរយ ដែលវាអាចធ្លាក់ចុះក្រោម ៣ភាគរយ។ នេះបើធៀបនឹងកំណើនដែលបានព្យាករចំនួន ៣,២ភាគរយ នៅឆ្នាំនេះ។

តួលេខសម្រាប់ឆ្នាំ២០២៣ គឺ ០,២ភាគរយ ទាបជាងទស្សនវិស័យរបស់ IMF ក្នុងខែកក្កដា ដោយហេតុតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អតិផរណាខ្ពស់ និងការធ្លាក់ចុះនៃសកម្មភាពនៅក្នុងប្រទេសចិន។

«ច្រើនជាងមួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំនេះ ឬឆ្នាំក្រោយ ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងបី គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន នឹងបន្តជាប់គាំង»។ នេះបើ តាមប្រសាសន៍របស់ប្រធានសេដ្ឋវិទូ IMF លោក ភីយែរ អូលីវីយេ ហ្គួរីនឆា (Pierre-Olivier Gourinchas)។

ទស្សនៈវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយ IMF គឺមានសភាពទន់ខ្សោយបំផុតទី៣ រាប់ចាប់តាំងពីឆ្នាំ ២០០២មក នៅពីក្រោយតែវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងជាដំណាក់កាលដ៏អាក្រក់បំផុតនៃការរាតត្បាតជំងឺកូវីដ។ កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះក្រោម ២ភាគរយ ត្រឹមតែ ៥ដងប៉ុណ្ណោះ បើរាប់ចាប់តាំងពីឆ្នាំ១៩៧០។

IMF ជឿជាក់ថាអតិផរណាសកលនឹងឡើងដល់កំពូលនៅចុងឆ្នាំ២០២២នេះ ហើយនឹងនៅតែកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុកពីមុន បើទោះបីជាធនាគារកណ្តាលខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីគ្រប់គ្រងអតិផរណាក៏ដោយ។

គេរំពឹងថា អតិផរណាសកលនឹងកើនឡើងពី ៤,៧ភាគរយ ក្នុងឆ្នាំ ២០២១ ដល់ ៨,៨ភាគរយ នៅឆ្នាំ២០២២។ បន្ទាប់មក អតិផរណាត្រូវបានគេព្យាករថានឹងធ្លាក់ចុះមក ៦,៥ភាគរយ នៅឆ្នាំ ២០២៣ និង ៤,១ភាគរ នៅឆ្នាំ ២០២៤។

បណ្តាធនាគារកណ្តាលធំៗជាច្រើន មានបំណងចង់ឱ្យអតិផរណានៅក្បែរៗចំនួន ២ភាគរយ ហើយបាននិងកំពុងដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់កុំឲ្យទំនិញនានាឡើងថ្លៃពេក។ ប៉ុន្តែ យុទ្ធនាការនេះក៏កំពុងបង្កើនហានិភ័យដល់សេដ្ឋកិច្ចវិញផងដែរ។
ប្រសិនបើធានាគារកណ្តាលដំឡើងការប្រាក់ខ្លាំងពេក នោះវានឹងអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ។ IMF បាននិយាយថា អត្រាការប្រាក់ខ្ពស់ នៅចំពេលដែលចាំបាច់ កំពុងបង្កើតអស្ថិរភាព ជាពិសេសសម្រាប់ទីផ្សារដែលកំពុងមានបំណុលខ្ពស់។

«ធនាគារកណ្តាលនៅជុំវិញពិភពលោកឥឡូវនេះ ផ្តោតលើការស្តារស្ថិរភាពតម្លៃឡើងវិញ ហើយល្បឿននៃការរឹតបន្តឹងបានបង្កើនសន្ទុះយ៉ាងខ្លាំង»។ ប្រធានសេដ្ឋវិទូរបស់ IMF លោក ហ្គួរីនឆា បានសរសេរដូច្នោះ។ «មានហានិភ័យចំពោះទាំងពីរករណី ពោលគឺទាំងការចាត់វិធានការស្រាលនិងតឹងរ៉ឹងពេក»៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖

  1. The worst is yet to come’: IMF issues stark recession warning
ads banner