មូលនិធិរូបិយវត្ថុអន្តរជាតិព្រមានផលប៉ះពាល់បណ្ដាលមកពីការកើនឡើងតម្លៃប្រាក់ដុល្លារ និងថាកំណើនសេដ្ឋកិច្ចអាស៊ីថយចុះ

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករបន្ថយកំណើនសេដ្ឋកិច្ចរបស់អាស៊ី។ ជាមួយ នឹង កំណើនយឺតអមដោយការកើនឡើងនៃអតិផរណាបង្ខំឱ្យធនាគារកណ្តាលជាច្រើនរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុ បើទោះបីជា ការនាំចេញប្រឈមមុខនឹងការធ្លាក់ចុះជាមួយដៃគូពាណិជ្ជកម្មនានា ជាពិសេសសហរដ្ឋអាមេរិកជាដើម។

ការបន្ថយកំណើនសេដ្ឋកិច្ចតាមរយៈការព្យាករថ្មីនេះ បានបង្ហាញពី ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងចំពោះការងើបឡើងវិញរបស់អាស៊ីពីជំងឺរាតត្បាតសកលកូវីដ-១៩។ ទន្ទឹមនឹងគ្នានេះ ចក្ខុវិស័យ លើការថមថយកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក ចិន និងតំបន់ ចាយប្រាក់អឺរ៉ូ បង្កឱ្យមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល។

IMF បាននិយាយនៅក្នុងរបាយការណ៍ទស្សនៈវិស័យ សេដ្ឋកិច្ច ពិភពលោករបស់ខ្លួនថា គោលនយោបាយរូបិយវត្ថុ ទាក់ទងនឹង ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកទំនងជានឹងបន្តធ្វើឲ្យប្រាក់ដុល្លារកាន់តែកើនឡើងថែមទៀត។ ការណ៍នេះនឹងធ្វើឱ្យវិបត្តិបំណុលរបស់ប្រទេសមួយចំនួនធ្លាក់ទៅរកស្ថានភាពអាក្រក់ និងបង្ខំឱ្យប្រទេសខ្លះដំឡើងអត្រាការប្រាក់បន្ថែម ដើម្បីជៀសវាងពីការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ពួកធៀបនឹងប្រាក់ដុល្លារ។

របាយការណ៍ IMFថា “វិបត្តិបំណុលដែលរីករាលដាលនៅតាម ប្រទេស កំពុងអភិវឌ្ឍន៍នឹងបន្ថែមទម្ងន់ឲ្យកំណើនសេដ្ឋកិច្ច សកលថមថយ ហើយអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចសកល។ ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកនឹងក្លាយជាបន្ទុកបន្ថែមសម្ពាធលើបំណុល។”

មូលនិធិរូបិយវត្ថុអន្តរជាតិដាក់ក្តីរំពឹងថា ប្រទេសដែលមានសេដ្ឋកិច្ច កំពុងលូតលាស់នៅអាស៊ីនឹងមានកំណើន ៤.៤ភាគរយ នៅឆ្នាំ ២០២២នេះ ពោលគឺបានថយចុះ ០.២ភាគរយធៀបនឹងការព្យាករ កាលពីខែកក្កដា។ សម្រាប់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចនៅតាម ប្រទេសទាំងនោះនឹងឡើងដល់ ៤.៩ភាគរយ ពោលគឺថយចុះ ០.១ភាគរយធៀបនឹងការព្យាករ កាលពីខែកក្កដា។

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា មួយផ្នែកធំនៃ ការព្យាករ បន្ថយកំណើនសេដ្ឋកិច្ច គឺមកពីការថយចុះនៃសេដ្ឋកិច្ចរបស់ ចិនមកត្រឹម ៣.២ភាគរយសម្រាប់ឆ្នាំ២០២២នេះ ដោយ ថយចុះពី៨.១ភាគរយ កាលពីឆ្នាំ២០២១។ ការថមថយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន គឺដោយសារ តែវិធានការរឹតបន្តឹងកូវីដ-១៩ និងវិបត្តិអចលនទ្រព្យនៅក្នុង ប្រទេសនេះ។

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោកនឹង ស្គាល់នូវកំណើន ៤.៤ភាគរយក្នុងឆ្នាំ២០២៣ ពោលគឺថយ ចុះប្រមាណ ០.២ភាគរយ ធៀបនឹងការព្យាករ កាលពីខែកក្កដា របស់ IMF។

របាយការណ៍របស់ IMF បាននិយាយថា សមាជិកនៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ(ASEAN-5) ត្រូវបានគេរំពឹងថានឹង មាន កំណើន ៥.៣ភាគរយនៅឆ្នាំនេះពោលបានកើនពី ៣.៤ភាគរយ នៅឆ្នាំ២០២១។ បើតាម IMF កំណើននៃប្រទេសទាំងនេះ ត្រូវបាន គេ ព្យាករ ថានឹងធ្លាក់ចុះមក នៅត្រឹម ៤,៩ភាគរយ នៅឆ្នាំ២០២៣ ដោយសារតម្រូវការកាន់តែខ្សោយរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗដូចជាប្រទេសចិន តំបន់ចាយប្រាក់អឺរ៉ូ និងសហរដ្ឋអាមេរិកជាដើម។

IMF រំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកើនឡើង ១.៧ ភាគរយនៅឆ្នាំនេះពោលគឺមិនមានការប្រែប្រួលទេធៀបនឹងការព្យាករ កាលពីខែកក្កដា ប៉ុន្តែនៅឆ្នាំ២០២៣ជប៉ុននឹងមានកំណើន ១.៦ ភាគរយ ពោលគឺថយចុះ ០.១ភាគរយ។

របាយការណ៍ IMF បាន និយាយថា ការទម្លាក់កំណើនសេដ្ឋកិច្ច របស់ប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះ នៃការទិញដូរក្នុងស្រុក ដោយសារការកើនឡើងអតិផរណា និង កំណើនប្រាក់ឈ្នួលយឺត៕
ដោយ៖យ៉ាន អាន/CPA

https://www.channelnewsasia.com/business/imf-cuts-asias-growth-forecasts-warns-strong-dollar-strains-3002316

ads banner