សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក និងបិទ កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ នៅរសៀលនេះ
ភ្នំពេញ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូល ស្ត្រី អាស៊ាន លើកទី២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិន ស្ត្រី នៅក្នុងអាស៊ាន» ដោយនឹងមានអ្នកចូលរួមដោយផ្ទាល់ ប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូ ប្រមាណ ៥០០នាក់។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះ សម្តេច តេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ មានគោលបំណង ផ្តល់ជា វេទិកាសម្រាប់ការផ្លាស់ប្តូរមតិ និងការពិភាក្សា រវាងមេដឹកនាំ ស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ាន លើ បញ្ហាប្រឈម និងកាលានុវត្តន៍ភាព ដើម្បីអភិវឌ្ឍសហគ្រិនភាព របស់ស្ត្រី និងលើកកម្ពស់ការធ្វើបរិវត្តកម្ម ឆ្ពោះទៅរកការស្តារឡើង វិញដ៏រឹងមាំ នៃសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យមជាមួយនឹង ការយកចិត្តទុកដាក់បំផុតទៅលើការគិតគូរពីភាពធន់ និងចីរភាព ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការបញ្ជ្រាបយេនឌ័រ។ គោលដៅទាំងនេះ នឹងសម្រេចបានតាមរយៈការកំណត់ ឱ្យបាន ច្បាស់ អំពីអភិក្រមនៃការធ្វើបរិវត្តកម្ម និងគ្រប់ជ្រុងជ្រោយ ដែល អ្នកដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់អាចប្រើសម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងពហុវិស័យ ដែលរារាំងសហគ្រិនភាព និងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី។
កិច្ចប្រជុំនេះ នឹងពិនិត្យមើលឧបសគ្គ និងនិន្នាការបច្ចុប្បន្ន ក៏ដូចជា កាលានុវត្តភាពដែលអាចជះឥទ្ធិពលលើសិទ្ធិស្ត្រីក្នុងការទទួលបានសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ក្នុងបរិបទមាន ការ រាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងការផ្លាស់ប្តូរក្នុងមជ្ឈដ្ឋានការងារ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងអាស៊ាន។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន រំពឹងថា នឹងមានការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រ និងជំរុញ សហគ្រិន ភាពរបស់ស្ត្រី ឱ្យទៅជារបៀបវារៈក្នុងតំបន់, ទទួលស្គាល់ តួនាទីដ៏សំខាន់ សក្តានុពល និងភាពខ្លាំងរបស់មេដឹកនាំជាស្ត្រី និងស្ត្រីទាំងអស់ក្នុងអាស៊ាន ក្នុងការបង្កើតមាគ៌ាឆ្ពោះទៅរក ការស្តារឡើងវិញ និងការរៀបចំអនាគតនៃតំបន់អាស៊ាន នៅក្នុងពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ១៩ ៕
ដោយ៖ វណ្ណលុក