អាមេរិក៖ បៃដិននឹងវាយតម្លៃទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ឡើងវិញ ក្រោយអូប៉ិចកាត់បន្ថយផលិតកម្មប្រេង
អាមេរិក៖ សេតវិមានបានអះអាងកាលពីថ្ងៃអង្គារទី១១ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងវាយតម្លៃ ទំនាក់ ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងរីយ៉ាដឡើងវិញ បន្ទាប់ពីអង្គការនាំ ចេញប្រេងកាតអូប៉ិច ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចូលរួមជា មួយរុស្ស៊ី ក្នុងការព្រមព្រៀងគ្នាលើការកាត់បន្ថយផលិតកម្ម ប្រេង កាត។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃឺរប៊ី បានថ្លែង ប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំគិតថា ប្រធានាធិបតីបាន ច្បាស់ណាស់ថា នេះគឺជាទំនាក់ទំនងដែលយើងត្រូវបន្តវាយតម្លៃ និងមានឆន្ទៈក្នុងការត្រួតពិនិត្យឡើងវិញ»។ លោក ឃឺរប៊ី បានបន្តថា ការសម្រេចចិត្តរបស់អង្គការអូប៉ិច គឺជាអ្វីដែលជំរុញឱ្យលោក បៃដិន ត្រូវធ្វើដូច្នេះ។
មន្រ្តីសេតវិមានដដែល បានបន្ថែមទៀតថា លោក បៃដិន មានឆន្ទៈ ក្នុង ការធ្វើការជាមួយសភាអាមេរិក ដើម្បីគិតថាតើទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីតគួរទៅខាងមុខឬអត់?ទោះបីជាមិនទាន់ មាន ការពិភាក្សាជាផ្លូវការលើបញ្ហានេះនៅឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃមុន អង្គការអូប៉ិចផ្លើស(OPEC+) ដែលរាប់ បញ្ចូលទាំងរុស្ស៊ី បាននាំគ្នាសម្រេចចិត្ត កាត់បន្ថយផលិតកម្មប្រេង ឱ្យនៅសល់ត្រឹមតែ ពីរលានបារ៉ែលក្នុងមួយថ្ងៃ ចាប់ផ្ដើមពីដើមខែ ក្រោយទៅ។ ការសម្រេចចិត្តនេះ បានបង្កឱ្យមានការខឹង សម្បារ យ៉ាង ខ្លាំងពីសហរដ្ឋអាមេរិក ដែលលើកឡើងពីកង្វល់នៃ ការឡើង តម្លៃប្រេង ហើយវា ក៏ត្រូវបានគេមើលឃើញផងដែរ ថាជាភាព អាម៉ាស់ផ្នែកការទូត សម្រាប់រដ្ឋបាលលោក បៃដិន ដែលត្រៀម សម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ។
ក្នុងយុទ្ធនាការបញ្ចប់ការឡើងថ្លៃ និងបន្ធូរបន្ថយការហក់ឡើង នៃ អតិផរណាក្នុងប្រទេស លោក បៃដិន បានធ្វើដំណើរទស្សនកិច្ច ទៅក្រុងរីយ៉ាដកាលពីខែកក្កដា ដើម្បីជួបជាមួយព្រះអង្គម្ចាស់ រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាលម៉ាន របស់អារ៉ាប៊ីសាអូឌីត ដែលលោក បៃដិន ធ្លាប់សន្យាកាត់ផ្ដាច់ឱ្យនៅឯកោ ជុំវិញ ឃាតកម្មអ្នកកាសែត លោក ចាម៉ាល់ ខាសូកជី ក្នុងឆ្នាំ ២០១៨។ ទស្សនកិច្ចរបស់លោក បៃដិន នាពេលនេះ រងនូវភាពចម្រូង ចម្រាស់ជាច្រើន ជាពិសេសការរិះគន់ដែលថាលោក បៃដិន មិនខ្វល់ពីបញ្ហានៃការរំលោភសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីតនោះទេ។
សូមបញ្ជាក់ថា ការអះអាងរបស់លោក ឃ៊ីរប៊ី កាលពីថ្ងៃអង្គារនេះ ធ្វើ ឡើងមួយថ្ងៃ បន្ទាប់ពីប្រធានគណបក្សប្រជាធិបតេយ្យនៃ គណៈកម្មា ធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាដ៏មានឥទ្ធិពល លោក Bob Menendez បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់កិច្ច សហប្រតិបត្តិការទាំងអស់ជាមួយទីក្រុងរីយ៉ាដ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
លោក Menendez បានអះអាងថា អារ៉ាប៊ីសាអូឌីតបាន សម្រេច ចិត្តធានា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការត្រូវដៃត្រូវ ជើង គ្នាជាមួយទីក្រុងម៉ូស្គូ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក។
គួររំឭកផងដែរថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត ត្រូវបានផ្សាភ្ជាប់បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយអាមេរិកធ្វើការផ្គត់ផ្គង់អាវុធឱ្យក្រុងរីយ៉ាដ ជាថ្នូរនឹងការផ្គត់ ផ្គង់ប្រេងកាតបកមកវិញ។ ក្រោមវិបត្តិផ្សេងៗ ទំនាក់ទំនងបែប នេះក៏ធ្លាក់ចុះ ប៉ុន្តែត្រូវបានរដ្ឋបាលរបស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ តាមរយៈការកើនឡើងនៃការនាំចេញអាវុធរបស់ អាមេរិកទៅអារ៉ាប៊ីសាអូឌីត៕
ដោយ៖ហួន ឌីណា
ប្រភព៖ Biden to ‘re-evaluate’ Saudi ties after OPEC snub