សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រារព្ធពិធីដង្ហែអង្គកឋិកទានទៅកាន់វត្តសុវណ្ណរាម ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន៩
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អង្គកឋិនទានដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាឱកាសនេះ បានវេរប្រគេនព្រះសង្ឃគង់ចំាព្រះវស្សានៅក្នុងវត្តចំនួន៩ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន វត្តសុវណ្ណរាម វត្តជោតិវន្ត វត្តជោត្តិរតនរាម វត្តបុទមព្រឹក្សា វត្តតាសួស វត្តវិសប្បសិនារាម វត្តឥន្ទសាល ខេត្តព្រៃអង្គរក្រៅ និងវត្តសិលារង្សី។
អង្គកឋិកទានដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដី បានប្រមូលបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តទំាង៩ បន្តទៀតផងដែរ។
ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសមាជិកសមាជិកា ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិតទាំងអស់ដែលមានសទ្ធាជ្រះថ្លារួមគ្នាបង្កើតឱ្យមានបុណ្យកឋិនទានថ្ងៃនេះឡើងក្នុងការទ្រទ្រង់វិស័យព្រះសាសនា និងជាបានបង្ហាញឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នា ឯកភាព ក្រោមដំបូលសុខសន្តិភាព។
សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមប្រគេនពរនិងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ហេង សម្បត្តិ


