ក្រូចសើចគេអាចប្រើប្រាស់បានទាំងចំណីអាហារ និង ផ្លែវាសម្រាប់ប្រើកក់សក់

ភ្នំពេញ៖ ក្រូចសើច(Kaffir lime) ជារុក្ខជាតិគេអាចប្រើធ្វើចំណីអាហារ ជាឱសព្យាបាលរោគ និងពិសេសវាគេអាចប្រើសម្រាប់ការពារសត្វអសិរពិសដូចជាសត្វពស់មិនឱ្យចូលមកយាយីជាដើម។សម្រាប់ផ្លែវាគេក៏អាចកែច្នៃមក ប្រើប្រាស់ជាសាប៊ូកក់ សាប៊ូលាងចានទៀតផង។

ដោយឡែកបើតាមការចុះផ្សាយរបស់ទំព័រហ្វេប៊ុក ក្រសួងបរិស្ថានទាក់ទិននឹងក្រូចសើចនេះវិញបានឱ្យដឹងថាក្រូចសើចដើមមានកម្ពស់៣-៦ម មែកមានបន្លាតូចៗស្រួចវែង។ស្លឹកទោលរាងពងក្រពើចុងរាងទាលតែមានកំពតស្រួលបន្តិច (mucronate) ៥-៨x២-៤ស.ម គែមមានរឹមឆកចូលបន្តិច (crenulate) មានក្រពេញ ប្រេងក្រអូបប្រហើរ ទងស្លឹកមានស្លាបលាតទៅខាងធំស្រដៀងស្លឹក។

ផ្កាទោល ៣-៥ជាកញ្ចុំ (fascicles) នៅគល់មែក ត្របកផ្កា៤ពណ៌សនិងស្វាយនៅចុង ស្រទាប់ផ្កា៤-៥ពណ៌សខងក្នុង ពណ៌ស្វាយឬក្រហមខាងក្រៅ កេសរឈ្មោលច្រើនពី ១៥-៣០ មានទងដាច់ពីគ្នា។ ផ្លែមានសម្បកក្រាស់ជ្រួញកំពីកំពក មានក្រពេញប្រេង ក្រអូបឆួល សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង។ មានគ្រាប់ច្រើនរាងដូចតំណក់ទឹក ១,៥-១,៨ x ១-១-២ស.ម។

មានសារធាតុប្រេងក្រអូប ជាពិសេសនៅលើស្លឹក និងសម្បកផ្លែដែលមានក្រពេញប្រេងសំខាងៗ (essential oils) ច្រើន។ ភាគច្រើនគេដាំនៅក្នុងសួនចម្ការ នៅតំបន់ដីទួលមិនលិចទឹក។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_ គ្រឿងទេស ស្លឹកសម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។
_ ឱសថ គេប្រើស្លឹក សម្បក និងផ្លែលាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ឆ្ពុង ជួនកាលគេប្រើប្រាស់ផ្លែវាសម្រាប់កក់សក់៕ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner