រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌ កម្ពុជានឹងមានរៀបចំដាក់ឱ្យដំណើរការតុលាការការងារ តុលាការពាណិជ្ជកម្ម បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌ កម្ពុជាមានទិសដៅជាអាទិភាពមួយ គឺការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញបន្ថែមទៀត ដូចជា តុលាការការងារ តុលាការពាណិជ្ជកម្ម ជាដើម។

ការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បែបនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឱ្យ លោក Graeme John BUCKLEY ជានាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើការតុលាការការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ក្នុងការរៀបចំតុលាការការងារនេះនៅកម្ពុជា។

ថ្លែងក្នុងជំនួបកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២កន្លងមកនេះដែរ ឯកឧត្តម កើត រិទ្ធបានឱ្យដឹងថា ៖ចំពោះ តុលាការជំនាញទាំងនេះ គឺត្រូវរៀបចំឡើងដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជន។

ឯកឧត្តមបញ្ជាក់បន្ថែមថា ដើម្បីអាចដាក់ឱ្យដំណើរការតុលាការការងារមួយ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបាន គឺត្រូវផ្អែកលើសសរស្តម្ភសំខាន់ចំនួន ៣ រួមមាន (១)-ការរៀបចំធនធានមនុស្ស ដែលមានជំនាញពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេស ចៅក្រមដែលមានជំនាញដោះស្រាយវិវាទការងារ ក៏ដូចជា ក្រឡាបញ្ជី និងមន្រ្តីតុលាការផ្សេងទៀត, (២)-ការរៀបចំក្របខ័ណ្ឌច្បាប់ ទាំងផ្នែកច្បាប់សារធាតុ ទាំងផ្នែកច្បាប់នីតិវិធី និង(៣)-ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីអាចរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ជាអាទិ៍ អគារតុលាការ និងដើម្បីធានាដល់ការអនុវត្តសសរស្តម្ភទី១ និងទី២ ខាងលើផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អង្គការ ILO ពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា តាមរយៈ ការបង្កើត និងអនុវត្តនូវគម្រោងរួមគ្នា រវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចបាននូវសសរស្តម្ភទាំង ៣ ខាងលើ សំដៅធានាដល់ការដាក់ឱ្យដំណើរការនូវតុលាការការងារនេះប្រព្រឹត្តទៅដោយរលូន នៅពេលខាងមុខ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner