លោក ចូ បៃដិន មិនជឿថា លោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែនឡើយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកមិនជឿថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែននោះទេ ដោយបានកាត់បន្ថយការកត់សម្គាល់ពីមុន ដែលលោកធ្លាប់បានព្រមានពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។

ការអត្ថាធិប្បាយខាងលើនេះរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ក្នុងថ្ងៃអង្គារសប្តាហ៍នេះ នៅពេលត្រូវបានសាកសួរថាតើគាត់គិតថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងអនុញ្ញាតឲ្យប្រើអាវុធនុយក្លេអ៊ែរតាក់ទិកដែរឬទេ។ ជាមួយគ្នានេះ លោក បៃដិន បានឆ្លើយតបថា ខ្ញុំមិនគិតថា គាត់ (លោក ពូទីន) នឹងប្រើវានោះទេ។ ខ្ញុំគិតថា វាជារឿងខ្វះការទទួលខុសត្រូវរបស់គាត់ក្នុងការនិយាយអំពីវា ពោលគឺគំនិតដែលថា មេដឹកនាំមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកហ៊ាននិយាយថា គាត់នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកក្នុងសង្គ្រាមអ៊ុយក្រែន។

បើទោះបីជាលោក ពូទីន មិនដែលប្រើពាក្យសម្តីគំរាមកំហែងបែបនេះពីមុនមក ហើយក៏មិនបាននិយាយអំពីការប្រើអាវុធនុយក្លេអ៊ែរតាក់ទិកក៏ដោយ តែគាត់បានប្តេជ្ញាក្នុងឱកាសជាច្រើនថា នឹងខិតខំប្រឹងប្រែងការពារទឹកដី ក៏ដូចជាប្រជាជនរុស្ស៊ី ដោយប្រើគ្រប់មធ្យោបាយដែលមានរបស់ខ្លួន ដែលវាជាសុន្ទរកថាត្រូវបានគេបកស្រាយយ៉ាងទូលំទូលាយថា អាចជាការប្រើអាវុធនុយក្លេអ៊ែរ។ នេះបើតាមការព្រមានពីអ្នកវិភាគ និងមន្ត្រីប្រទេសលោកខាងលិច៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner