ប្រមុខការទូតកំពូលរុស្ស៊ីថា រុស្ស៊ីបើកចំហរចំពោះការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយលោកខាងលិច
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ ក្នុងថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ទីក្រុងម៉ូស្គូបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយនឹងប្រទេសលោកខាងលិចអំពីសង្គ្រាមនៅអ៊ុយក្រែន។
លោក ឡារូវ បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា រុស្ស៊ីមានឆន្ទៈក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ឬជាមួយតួកគី លើគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាម ឥឡូវនេះមានរយៈពេល៨ខែមកហើយ ប៉ុន្តែមិនទាន់ទទួលបានសំណើណាមួយដើម្បីចរចាឡើយ។
លោក ឡារូវ ថ្លែងថា ក្រុមមន្ត្រី រួមទាំងអ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ខើប៊ី បាននិយាយថា សហរដ្ឋអាមេរិកបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែរុស្ស៊ីបានបដិសេធ។ លោកបានឆ្លើយតបថា នេះគឺជាការកុហក… យើងមិនបានទទួលការផ្តល់ជូនសំណើណាមួយ ដើម្បីចរចានោះទេ។
លោក ឡារូវ បន្ថែមថា រុស្ស៊ីក៏នឹងមិនបដិសេធផងដែរ ចំពោះជំនួបរវាងលោក ពូទីន និងលោក បៃដិន ក្នុងអំឡុងកិច្ចប្រជុំពាក់កណ្តាលខែវិច្ឆិកាខាងមុខ នៃក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូណេស៊ី ហើយនឹងពិចារណាលើសំណើនេះ ប្រសិនបើខ្លួនទទួលបានវា។
ការប្រកាសពីការបើកចំហរចំពោះការចរចាបញ្ចប់សង្គ្រាមរបស់ប្រមុខការទូតរុស្ស៊ីរូបនេះ បានកើតឡើងក្រោយកងកម្លាំងរុស្ស៊ីទទួលរងនូវការបរាជ័យជាបន្តបន្ទាប់ក្នុងសមភូមិ ចាប់តាំងពីដើមខែកញ្ញាមក ដោយអ៊ុយក្រែនបានវាយដណ្តើមបានតំបន់ជាច្រើនមកវិញ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា



