ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ករណីឆបោកលុយ ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួន បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីឆបោកលុយ ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានធ្វើសកម្មភាព ឆាតមកសុំជនរងគ្រោះរាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ KEL CHI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ អុន ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹង ជនរងគ្រោះ មានឈ្មោះ អុន ស្រីណែត ភេទស្រីអាយុ ២៤ឆ្នាំ កាលពីអំឡុងខែសីហាឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះ Don Richard បានឆាតមកសុំជនរងគ្រោះ រាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។ លុះដល់អំឡុង ខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ Don Richard បានឆារមកប្រាប់ជនរងគ្រោះថា គាត់ចង់ផ្ញើសំភារៈ និងប្រាក់មួយចំនួនពីប្រទេសកូរ៉េ មកឱ្យជនរងគ្រោះ តាមយន្តហោះ។

លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក៏មានស្រ្តីម្នាក់បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា ខ្លួនជាមន្ត្រីគយនៅប្រលានយន្តហោះភ្នំពេញ មានឥវ៉ាន់ផ្ញើពីបរទេសមកឱ្យជនរងគ្រោះ ដោយសារតែមិនទាន់បានបង់ពន្ធ ទើបគយឃាត់ទុក ហើយតម្រូវឱ្យជនរងគ្រោះ ជាអ្នកទទួលបង់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃពន្ធសិន ទើបជនរងគ្រោះ អាចទៅទទួលកញ្ចប់ឥវ៉ាន់នោះបាន។ មុនដំបូងជនរងគ្រោះ មិនជឿលើគណនីហ្វេសប៊ុកឈ្មោះ Don Richard ទេ ដោយសារមានស្ត្រីម្នាក់អះអាងថា ខ្លួនជាមន្ត្រីគយ ទើបជនរងគ្រោះចាញ់ល្បិចបោកប្រាស់របស់ក្រុមឆបោកទាំងនោះ ដោយបានផ្ញើប្រាក់ជាបន្តបន្ទាប់ចូលលេងទូរស័ព្ទចំនួនពីរខ្សែ អស់លុយចំនួន៥ពាន់ដុល្លារ តាមរយៈ វីង និងទ្រូម៉ានី ហើយរឿងរ៉ាវនេះដឹងដល់ក្រុមគ្រួសារ គ្រួសារថា ខ្លួនចាញ់បោកគេ ទើបខ្លួនប្តឹងសមត្ថកិច្ចតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អុន ស្រីណែត ពីបទ ឆបោក។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងតែត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner