តៃវ៉ាន់ ​ថាចិន​កំពុងរៀនសូត្រ​ពីសង្រ្គាមអ៊ុយក្រែន​ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ«សង្គ្រាមកូនកាត់»

តៃវ៉ាន់៖ប្រទេសចិន​ កំពុងតែសម្លឹងមើលបទពិសោធន៍​នៃ​សង្គ្រាមនៅអ៊ុយក្រែន​ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ​សង្គ្រាមកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ ក្នុងនោះរួមទាំងការប្រើប្រាស់​យន្តដ្រូនគ្មានមនុស្សបើក​ និង​សម្ពាធខាងផ្លូវចិត្តផង​។ នេះបើតាមការឱ្យដឹងពី​មន្ត្រីសន្តិសុខជាន់ខ្ពស់ជាតិ​តៃវ៉ាន់ម្នាក់​ នៅថ្ងៃពុធ​ ទី១២ ខែតុលា​ ឆ្នាំ២០២២នេះ​។

តៃវ៉ាន់​ បាននិងកំពុងសិក្សា​យ៉ាងយកចិត្តទុកដាក់នូវមេរៀនទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន​ ដើម្បីប៉ាន់​ស្មានពី​ប្រតិកម្មដែលចិនអាចនឹងមានចំពោះខ្លួន​។

ចិន​ បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា​ ដើម្បីបង្ហាញការខឹងសម្បារបស់ខ្លួន​ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់​ប្រធានសភាអាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​។ ចាប់តាំងពីពេលនោះមក​ ចិន​បានរក្សាសកម្មភាពយោធារបស់ខ្លួន​ បើទោះបីជាមាន​កម្រិតថមថយក៏ដោយចុះ​។

ក្នុងពេលថ្លែងប្រាប់​សមាជិកសភាតៃវ៉ាន់​ អគ្គនាយកការិយាល័យ​សន្តិសុខជាតិ​តៃវ៉ាន់​ លោក ឈិន មីងតុង​ (Chen Ming-tong) បាននិយាយថា​ ប្រទេសចិនក៏កំពុងយកចិត្តទុកដាក់​ ចំពោះព្រឹត្តិការណ៍​ដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែរ​។ «ឆ្នាំនេះ យោធាកុម្មុយនិស្តចិន​ បានខ្ចីបទពិសោធន៍​នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន​ ដើម្បីបង្កើតសង្រ្គាមកូនកាត់​ ប្រឆាំងនឹងតៃវ៉ាន់​ និង​ពង្រឹងការហ្វឹកហ្វឺនប្រយុទ្ធ​ ព្រមទាំង​ការរៀបចំខ្លួនប្រឆាំងនឹងសត្រូវខ្លាំងៗជាច្រើន​»។

លោក ឈិន​ បន្តរៀបរាប់ទៀតថា​ បន្ទាប់ពីសមយុទ្ធកាលពីខែសីហា​ ចិនបានពង្រីកតំបន់ប្រផេះ​ និងសកម្មភាពកូនកាត់​ (hybrid activities) ប្រឆាំងនឹងតៃវ៉ាន់ ជាពិសេសប្រើដ្រូនគ្មានមនុស្សបើក​ឱ្យហោះហើរទៅក្បែរទាំងកោះដែលគ្រប់គ្រងដោយតៃវ៉ាន់​ ចេញពីឆ្នេរសមុទ្ររបស់ប្រទេសចិន​ និងទាំងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់​។

ទីក្រុងតៃប៉ិ​ និយាយថា​ យុទ្ធនាការសង្គ្រាមតំបន់ប្រផេះរបស់ចិន​ មានជាប់ពាក់ព័ន្ធនឹង​យុទ្ធសាស្ត្រ ដើម្បីកម្ចាត់សត្រូវ​ ដោយមិនងាកទៅរកការប្រយុទ្ធដោយបើកចំហ​ ដូចជាការហោះហើរញឹកញាប់ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់​ និងបង្ខំកងទ័ពអាកាសរបស់តៃវ៉ាន់ឱ្យប្រយុទ្ធគ្នា​។

អគ្គនាយកការិយាល័យសន្តិសុខជាតិនិយាយថា​ ចិនបានបញ្ចេញរូបភាពយោធារបស់តៃវ៉ាន់តាមអ៊ីនធឺណិត​ ដើម្បីបង្កាច់បង្ខូចឈ្មោះ​ និងវាយប្រហាររដ្ឋាភិបាលក្រុងតៃប៉ិ​។ សម្តីនេះ លោក ឈិន ចង់សំដៅដល់​វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន​កាលពីខែសីហា​ អំពីទាហានតៃវ៉ាន់​នៅលើកោះឈូងសមុទ្រ​ដែលថតដោយដ្រូនគ្មានមនុស្សបើក​។

សម្រាប់មន្ត្រីតៃវ៉ាន់​ សកម្មភាពទាំងនេះ​គូសបញ្ជាក់ឱ្យឃើញថា​ បក្សកុម្មុយនិស្តចិនបានបង្កើនការយល់ដឹងផ្នែកសង្គ្រាម​ សកម្មភាពនៅតំបន់ប្រផេះ​ និងវិធីសាស្រ្តកូនកាត់ផ្សេងទៀត​ ដែលត្រូវបានបង្កើតបានឡើងជាទម្រង់ថ្មី​នៃការគំរាមកំហែងដល់សន្តិសុខជាតិតៃវ៉ាន់​៕

ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖ Taiwan says China looking at Ukraine war to develop ‘hybrid’ strategies

ads banner