ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅស្រុកកងមាស ដែលរងផលប៉ះពាល់ ខូចខាតដោយទឹកជំនន់ ត្រូវបាន អភិបាលខេត្តកំពង់ចាម ចុះពិនិត្យរកដំណោះស្រាយ ជាបន្ទាន់ជូនពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និង ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ នៅ ក្នុងឃុំ ចំនួន ៣ នៃ ស្រុក កងមាស ដែលរងផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដេីម្បីរក ដំណោះស្រាយ ជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែល រងផលប៉ះពាល់ ប្រមាណ ជា ៦៥៦ហិកតា និង ខូចខាត ប្រមាណជា ៤៧៣ហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវ រងការ ខូចខាត បង្ករឲ្យមានការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាស ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំ ដល់ មន្ត្រី ជំនាញ ឲ្យ សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ធ្វេីយ៉ាងណាត្រូវ ស្រង់ ទិន្នន័យ ឲ្យ បាន ច្បាស់លាស់ ចំពោះ ផល ដំណាំ ស្រូវ ដែល រងផលប៉ះពាល់ និង ខូចខាត ឲ្យ បាន ឆាប់រហ័ស ដេីម្បីរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីស្នើសុំ ពូជស្រូវយកទៅចែកជូន ប្រជាពលរដ្ឋ ជាបន្ទាន់ ដេីម្បីឲ្យ ពួក គាត់ ធ្វើ ការ ដាំដុះ ស្តា ឡើង វិញ ឲ្យបាន ទាន់ ពេលវេលា ក្នុងពេលឆាប់ៗនេះ ។

បេីតាមអាជ្ញាធរ មូលដ្ឋាន បាន ឲ្យ ដឹងថា ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ដល់ ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ សរុប ៦៥៦ហិកតា និងខូចខាត ៤៧២ហិកតា ក្នុងឃុំចំនួន ៣ គឺឃុំព្រែកក្របៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង នៃស្រុកកងមាស ៕ លី ពៅ

ads banner