មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ធ្វើទស្សនកិច្ចនៅទីតាំងដីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ ហៅកាត់LASED 3នៅស្រុកលំផាត់

រតនគិរី ៖ នៅព្រឹកថ្ងៃទី១២ខែ តុលា ឆ្នាំ ២០២២ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED 3 រួមនឹងប្រតិភូនៃក្រុមការងារធនាគារពិភពលោក និងការចូលរួមពីក្រុមការងារគម្រោង LASED III ថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋានជាច្រើនទៀតបានអញ្ជើញធ្វើទស្សនៈកិច្ច
នៅទីតាំងដីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ ហៅកាត់LASED 3នៅឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

នៅក្នុងឱកាសនោះ ឯកឧត្ដម រ័ត្ន ហុក បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបំពេញការងារបែងចែកដីជូនសម្បទានិកចំគោលដៅ ដែលជាអ្នកទទួលផល ជាពិសេសបងប្អូនជាសម្បទានិកផ្ទាល់ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល និងទទួលយកដីតាមការបែងចែករបស់អាជ្ញាធរ ស្របទៅតាមនីតិវិធីច្បាប់ ប្រកបដោយប្រសិទ្ធភាពតម្លាភាព។

ឯកឧត្តម បានស្នើសុំឱ្យបងប្អូនសូមឱ្យកុំគិតចង់លក់ដូរដីដែលបានមកពីការខិតខំរបស់បងប្អូនឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយបងប្អូនដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំដីមកអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគម្រោង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារធនាគារពិភពលោក ដែលបានយកចិត្តទុកដាក់ក្នុងការផ្ដួចផ្តើមគំនិតរៀបចំ ដាក់បញ្ចូលទីតាំងដីក្នុងខេត្តរតនគិរីជាដីសម្បទានសង្គមកិច្ច ក្នុងគម្រោង ដែលជាប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ក្នុងខេត្ត អាចធ្វើឱ្យជីវភាពពួកគាត់មានភាពធូរស្រាល ប្រសើរឡើងជាងមុន ៕ដោយ គតិ យុត្ត

ads banner