ថាក់ស៊ីន ចង់ជួយប្រាយុទ្ធក្នុងសំណុំរឿងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្លាប់ប្រើគោលនយោបាយ “សង្គ្រាមប្រឆាំងគ្រឿងញៀន” ដ៏ល្បីល្បាញ នាំឱ្យមានការសម្លាប់មនុស្សជាង២ ៨០០នាក់ក្នុងរយៈពេល “បីខែ”កាលពីឆ្នាំ២០០៣មកនោះ បានស្នើឱ្យជួយនាយករដ្ឋមន្ត្រីក្នុងតំណែង ប្រាយុទ្ធ ចាន់អូចា ដើម្បីបោសសម្អាតការជួញដូរគ្រឿងញៀន ឱ្យអស់ឆាប់តែម្ដង។
ក្នុងកម្មវិធី “CareTalk & Care” របស់លោក ថាក់ស៊ីន លើវេទិកា ClubHouse កាលពីថ្ងៃអង្គារ លោកថាក់ស៊ីនបានអះអាងថា គាត់ត្រូវការរយៈពេលប្រាំមួយខែប៉ុណ្ណោះដើម្បីបញ្ចប់បញ្ហាគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។
លោក ថាក់ស៊ីន បោះសំដីទៅកាន់លោក ប្រាយុទ្ធ ក្នុងអំឡុងកម្មវិធីជជែកតាមអ៊ីនធឺណិតរបស់គាត់ថា ៖«អ្នកមិនគួរណាប្រើចរិតតួឯក ហើយមិនអាចដោះស្រាយបញ្ហាបាននោះទេ»។លោកបន្ថែម៖«បើអ្នកមិនចង់ធ្វើ ឬមិនអាចធ្វើបាន ខ្ញុំអាចជួយបាន។ ខ្ញុំនឹងគ្រប់គ្រងបញ្ហានេះក្នុងរយៈពេលប្រាំមួយខែ ហើយបន្ទាប់មកអ្នកអាចទទួលយកគុណសម្បត្តិចុះ។ ខ្ញុំចង់ជួយដោយក្តីស្រឡាញ់និងក្តីបារម្ភចំពោះប្រទេសជាតិ និងកូនៗរបស់យើង ព្រោះវាមិនទាន់ច្បាស់ថាតើឧប្បត្តិហេតុទាក់ទងនឹងគ្រឿងញៀនប៉ុន្មានទៀតនឹងកើតឡើងម្តងទៀត»។
រដ្ឋាភិបាលថាក់ស៊ីនបានចាប់ផ្តើម “សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០០៣ដោយបើកយុទ្ធនាការណ៍បង្ក្រាបការជួញដូរគ្រឿងញៀន និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន ។ក្នុងរយៈពេលបីខែដំបូងនៃយុទ្ធនាការកាលណោះ បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការប្រហែលជាង ២ ៨០០ករណី។
នៅខែសីហា ឆ្នាំ ២០០៧ រដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ Surayud Chalanont បានតែងតាំងគណៈកម្មាធិការពិសេសមួយដើម្បីស៊ើបអង្កេតការសម្លាប់ក្រៅប្រព័ន្ធតុលាការកំឡុងសង្គ្រាម ពីគ្រឿងញៀន២០០៣។ របាយការណ៍របស់គណៈកម្មាធិការ ដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ បាននិយាយថា ក្នុងចំណោមមនុស្ស 2,819 នាក់ត្រូវបានសម្លាប់នៅចន្លោះខែកុម្ភៈ និងខែមេសា ឆ្នាំ ២០០៣មានច្រើនជាង១ ៤០០ នាក់មិនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឬមិនមានហេតុផលច្បាស់លាស់សម្រាប់ការស្លាប់របស់ពួកគេ។
នៅក្នុងអត្ថបទមួយ អតីតសមាជិកព្រឹទ្ធសភា លោក Kraisak Choonhavan បានសរសេរថា “សង្គ្រាមប្រឆាំងគ្រឿងញៀន” បានធ្វើឱ្យប្រជាជនថៃចំនួន ២ ៨៧៣ នាក់បានស្លាប់ក្នុងរយៈពេលបីខែ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០០៣។ គាត់បាននិយាយថា ជនរងគ្រោះរួមមានគ្រួសារទាំងមូល ស្ត្រី កុមារ និងសូម្បីតែមនុស្សចាស់។
លោកថាក់ស៊ីនកាលពីថ្ងៃអង្គារបាន អះអាងថា ៖«មានតែ ៨០ នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែខ្ញុំមិនបានបញ្ជាឱ្យសម្លាប់នោះទេ។ ជាការពិតណាស់ នៅពេលដែលរដ្ឋាភិបាលបង្ក្រាបការជួញដូរ អ្នកជួញដូរបានសម្លាប់គ្នាទៅវិញទៅមក ដើម្បីលុបបំបាត់ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ដោយសារពួកគេខ្លាចការចាប់ខ្លួន»
គាត់បាននិយាយបន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារមួយ អ្នកធ្វើរដ្ឋប្រហារបានប្រើវោហាសាស្ត្រនៃ “Ka Tud Ton” ឬ “ការបំភ្លៃការពិតដើម្បីធ្វើសកម្មភាពប្រឆាំងនឹងគាត់” ។
ក្នុងអំឡុងកិច្ចពិភាក្សានោះ លោកថាក់ស៊ីនបានស្តីបន្ទោសការសម្លាប់រង្គាលនៅ ណង ប៊ូឡាំភូ ដោយមន្ត្រីប៉ូលីសដែលត្រូវបានបណ្តេញចេញពីការងារ ដោយលោកសង្កត់ធ្ងន់ថា ៖«អ្នកនយោបាយនៅក្នុងអំណាចទាមទារប្រាក់ពីមន្ត្រីប៉ូលីសជាថ្នូរនឹងការឡើងតំណែងជានាយប៉ុស្តិ៍»។
លោកថាក់ស៊ីនបាននិយាយថា ដើម្បីទប់ស្កាត់អំពើហឹង្សាបន្ថែមទៀត រដ្ឋាភិបាលត្រូវតែផ្តល់ការលើកលែងទោសដល់ម្ចាស់អាវុធខុសច្បាប់ ដើម្បីលើកទឹកចិត្តពួកគេឱ្យប្រគល់កាំភ្លើងរបស់ពួកគេទៅអាជ្ញាធរមុនពេលរដ្ឋាភិបាលបង្ក្រាប។
លោក ថាក់ស៊ីន បាននិយាយថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងពិភពលោក និងទី ១ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានកាំភ្លើងច្រើនជាងគេ។ លោកបាននិយាយថា ប្រជាជនថៃឥឡូវមានកាំភ្លើងប្រហែល ១០,៣ លានដើម ដែល ៤០ ភាគរយជាអាវុធខុសច្បាប់។
យោងតាមនាយករដ្ឋមន្ត្រីដែលនិរទេសខ្លួន អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆាវរ៉ាត់ ឆានវីរ៉ាគូល បានអនុវត្តគោលនយោបាយខុស នៅពេលដែលគាត់អនុញ្ញាតឱ្យមន្ត្រីច្បាប់ទិញកាំភ្លើងផ្ទាល់ខ្លួន ក្រោមកម្មវិធីសុខុមាលភាព ដែលមានន័យថា អតីតមន្ត្រីនៅតែអាចកាន់កាំភ្លើងបាន។
លោកបានអះអាងថា អ្នកនយោបាយដែលកាន់អំណាចត្រូវបានចោទប្រកាន់ថាបានទាមទារប្រាក់រហូតដល់៣០លានបាតជាថ្នូរនឹងការដំឡើងតំណែងមន្ត្រីប៉ូលីសទៅជាមេប៉ុស្តិ៍។ ដូច្នេះមេៗប៉ុស្តិ៍ទាំងនេះត្រូវប្រមូលមកវិញនូវការវិនិយោគរបស់ពួកគេដោយការចូលរួមក្នុងសង្គមងងឹត ក៏ដូចជាការលក់គ្រឿងញៀន ឬផ្តល់ការការពារដល់អ្នកជួញដូរគ្រឿងញៀន។
លោក ថាក់ស៊ីន បាននិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការគ្រប់គ្រងមិនបានល្អរបស់រដ្ឋាភិបាលក៏បានជំរុញឲ្យ«មនុស្សជាច្រើន»ក្លាយជាអ្នករកស៊ីគ្រឿងញៀន៕ដោយ៖ វណ្ណ ស័ក្តិ