ក្រុមហ៊ុនហ្វីលីព ព្រមានពីការចំណាយលុយប្រមាណជាង ១.២៦ ពាន់លាន ពីការប្រមូលនូវម៉ាស៊ីនដកដង្ហើមមកវិញ

ទីក្រុងឡាអេ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពសញ្ជាតិហូឡង់ ហ្វីលីព បានព្រមាននៅថ្ងៃពុធ ទី១២ ខែតុលានេះ ថា ខ្លួនអាចនឹងត្រូវចំណាយលុយ ១.៣ ពាន់លានដុល្លារអឺរ៉ូ (១.២៦ ពាន់លានដុល្លារ) ដោយសារតែការប្រមូលមកវិញនូវម៉ាស៊ីនដកដង្ហើមក្នុងពេលគេងដែលដំណើរការមិនល្អជាច្រើនគ្រឿង។

ហ្វីលីព បាននិយាយថា ខ្លួនកំពុងតែចរចាជាមួយក្រសួងយុត្តិធម៌អាមេរិក ទាក់ទងនឹងចំនួនសំណង ចំពោះឧបករណ៍សម្រាប់ជំនួយការគេងដែលដំណើរការមិនល្អ ដែលនឹងធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងការដកដង្ហើមចូលនូវហ្វូលដែលមានសារជាតិពុល។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហ្វីលីព បានធ្លាក់ចុះ ១០ភាគរយ នៅក្នុងទីផ្សារហ៊ុនអាំស្តឺដាម បន្ទាប់ពីក្រុមហ៊ុននេះបានចេញសេចក្ដីប្រកាសនៅក្នុងត្រីមាសទី៣ មុនពេលដែលចេញផ្សាយនូវលទ្ធផលពេញរបស់ខ្លួន នៅចុងខែតុលានេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនហ្វីលីព «ហ្វីលីពរំពឹងថានឹងកត់ត្រានូវការចំណាយដែលមិនមែនជាទឹកប្រាក់ចំនួន ១.៣ពាន់លានអឺរ៉ូ នៅក្នុងត្រីមាសទី៣ ដោយសារតែការខូចខាតកេរ្តិ៍ឈ្មោះ ក្នុងជំនួញម៉ាស៊ីនដកដង្ហើម និងជំនួយការគេងរបស់ខ្លួន»។

នាយកប្រតិបត្តិលោក Frans van Houten បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនឹងម្ចាស់ភាគហ៊ុនថាតួលេខនេះគឺផ្អែកលើ «ការប៉ាន់ប្រមាណដោយសមហេតុផល» ប៉ុន្តែការចរចាជាមួយនឹងអាជ្ញាធរអាមេរិក «នៅមិនទាន់បានបញ្ចប់ការចរចាដាច់ស្រេចនៅឡើយទេនៅពេលនេះ»។

Van Houten នឹងចុះចេញពីតំណែងនៅក្នុងសប្ដាហ៍ក្រោយ ដែលជាការចាកចេញពីតំណែងរយៈពេល ៦ខែមុនការកំណត់ បន្ទាប់ពីបានធ្វើការក្នុងតួនាទីនេះអស់រយៈពេលជាង ១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនហ្វីលីពបានប្រែខ្លួនពីក្រុមហ៊ុនគ្រឿងអេឡិចត្រូនិកយក្ស មកជាក្រុមហ៊ុនផ្នែកសុខភាពវិញ។

ប្រធានផ្នែកហិរញ្ញវត្ថុ Abhijit Bhattacharya របស់ក្រុមហ៊ុនហ្វីលីព បានបន្ថែមថា «យើងកំពុងតែជជែកជាមួយក្រសួងយុត្តិធម៌ និងមិនអាចរំពឹងនូវលទ្ធផល ខ្លឹមសារ ឬពេលវេលានៃកិច្ចព្រមព្រៀងនេះទុកជាមុននោះទេ»។

ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុងអាំស្តឺដាម មួយនេះ ក៏បានត្រៀមថវិកាជិត ៩០០ លានអឺរ៉ូ សម្រាប់ការដោះដូរ និងជួសជុលនូវឧករណ៍ទាំងនេះហើយ។

ក្រុមហ៊ុននេះបានប្រមូលនូវម៉ាស៊ីនដកដង្ហើមកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីការប្រកាសថាអ្នកប្រើប្រាស់ឧបករណ៍នេះអាចនឹងប្រឈមនឹងការស្រូបយក ឬក៏លេបចូលនូវបំណែកហ្វូមដែលមានសារជាតិពុល។

ហ្វីលីពបាននិយាយថា ក្រុមហ៊ុននេះក៏រំពឹងថាចំនួនការលក់របស់ខ្លួននឹងធ្លាក់ចុះចំនួន ៥ភាគរយ ដែលប្រមាណនឹង ៤.៣ ពាន់លានអឺរ៉ូ នៅក្នុងត្រីមាសទី៣ ដោយសារតែបញ្ហាសង្វាក់ផ្គត់ផ្គង់ដែល «មានផលប៉ះពាល់ធ្ងន់ធ្ងរជាងការរំពឹងទុក»។

នាយកប្រតិបត្តិដែលនឹងចូលមកកាន់តំណែងបន្ទាប់ លោក Roy Jakobs បាននិយាយថា លោកនឹងផ្ដោតទៅលើការប្រមូលយកម៉ាស៊ីនដកដង្ហើមនេះ និងធ្វើឱ្យដំណើរការធ្វើឱ្យមានគុណភាព ហើយក៏នឹងធ្វើឱ្យការលក់របស់ក្រុមហ៊ុននេះកាន់តែបានល្អជាមុន នៅក្នុង «ពិភពលោកដែលច្របូកច្របល់នេះ»។

«យើងចាំបាច់ យើងអាច ហើយយើងនឹងធ្វើឱ្យប្រសើរឡើង» នេះជាសម្ដីលោក Jakobs នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ដែលលោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាអ្នកមើលការខុសត្រូវនូវការប្រមូលយកម៉ាស៊ីនដកដង្ហើមនេះ៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner