ទីភ្នាក់ងារណាសា៖ បេសកកម្ម DART បានធ្វើឱ្យគន្លងអាចម៍ផ្កាយត្រូវប្រែប្រួលដោយជោគជ័យ
អន្តរជាតិ៖ទីភ្នាក់ងារអាវកាសណាសានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា បេសកកម្ម DART (Double Asteroid Redirection Test) ដែលហោះបានហោះបុកអាចម៍ផ្កាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ពិតជាបានធ្វើឱ្យគន្លងអាចម៍ផ្កាយត្រូវប្រែប្រួលដោយជោគជ័យ។
មិនត្រឹមតែអាចសម្រេចបានទៅតាមអ្វីដែលគិតទុកនោះទេ តែបេសកកម្ម DART របស់ទីភ្នាក់ងារអាវកាសណាសា បានធ្វើឱ្យគន្លងអាចម៍ផ្កាយត្រូវប្រែប្រួលលើសពីអ្វីដែលរំពឹងទុកទៅទៀត។ តាមការឱ្យដឹងពីទីភ្នាក់ងារណាសា ការវាស់វែងដោយប្រើតេឡេស្កុប ទាំងតេឡេស្កុបនៅលើដីនិងតេឡេស្កុបអវកាស បង្ហាញថា គេបានរកឃើញថា កូនអាចម៍ផ្កាយឈ្មោះថា Dimorphos ដែលពីមុនវិលមួយជុំអាចម៍ផ្កាយមេ Didymos ក្នុងរយៈពេល ១១ម៉ោង និង ៥៣នាទី ឥឡូវនេះវិលមួយជុំត្រឹមតែ ១១ម៉ោង និង ២៣នាទីតែប៉ុណ្ណោះ។ មានន័យថា ថេរវេលាគន្លងតារាវិថីត្រូវប្រែប្រួលរហូតដល់ទៅ ៣២នាទី។
គួររំព្ញកថា មុនចាប់ផ្តើមបេសកកម្ម ទីភ្នាក់ងារណាសារំពឹងថាអាចធ្វើឱ្យគន្លងអាចម៍ផ្កាយប្រែប្រួលបានត្រឹមតែប្រមាណជា ១០នាទីតែប៉ុណ្ណោះ។ និងដោយកំណត់គោលដៅថា ឱ្យតែអាចផ្លាស់ប្តូរគន្លងអាចម៍ផ្កាយត្រឹមតែជាង ១នាទី ក៏អាចរាប់ថាជាជោគជ័យមួយដែរ។ ក៏ប៉ុន្តែ ចុងក្រោយគេបានទទួលជោគជ័យផ្លាស់ប្តូរគន្លងរហូតដល់ទៅ ៣២នាទី។
អគ្គនាយកណាសា លោក Bill Nelson បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីងតោងថា បេសកកម្ម DART បង្ហាញឱ្យឃើញថាទីភ្នាក់ងារអាវកាសណាសាកំពុងខិតខំប្រឹងប្រែងនិងត្រៀមខ្លួនរួចរាល់ក្នុងការទប់ស្កាត់ចំពោះអ្វីដែលចក្រវាឡធ្លាក់មកបំផ្លិចបំផ្លាញជីវិតនៅលើផែនដីនេះ។
គួរជ្រាបថា បេសកកម្ម DART គឺជាផ្នែកមួយនៃគម្រោងសាកល្បងបច្ចេកវិទ្យាបង្វែរគន្លងអាចម៍ផ្កាយ ដែលធ្វើឡើងរួមគ្នា រវាងទីភ្នាក់ងារណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុបអេសា។
គេត្រូវចំណាយថវិកាជាង ៣០០ លានដុល្លារអាមេរិក ក្នុងប្រតិបត្តិការធ្វើតេស្តជាប្រវត្តិសាស្ត្រ DART នេះដែលរំពឹងថានឹងក្លាយជាខែលការពារជីវិតលើផែនដី ផុតពីការវាយប្រហារដោយអាចម៍ផ្កាយធំៗ នៅថ្ងៃអនាគត។
យាន DART ដែលមានទំហំប៉ុនកូនឡាន នឹងត្រូវបើកបុកអាចម៍ផ្កាយ ឌីម៉រហ្វូស ក្នុងល្បឿន ២៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបុកចំពីមុខ ដើម្បីអាចសង្កេត និងវាស់វែង អំពីបម្រែបម្រួលនៃគន្លងរបស់វា ជុំវិញអាចម៍ផ្កាយមេ ឌីឌីម៉ូស។
បេសកម្ម DART ត្រូវបានទីភ្នាក់ងារណាសាបាញ់បង្ហោះចេញពីភពផែនដី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវចំណាយពេល ១០ខែ ទើបធ្វើដំណើរទៅដល់អាចម៍ផ្កាយឈ្មោះ “ឌីឌីម៉ូស” (Didymos)។ នៅ១០ខែក្រោយ ពោលគឺនៅថ្ងែទី២៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ បេសកកម្ម DART បានចេញប្រតិបត្តិការបើកបុកអាចម៍ផ្កាយដើម្បីសាកល្បងមើល អំពីប្រសិទ្ធភាពនៃការបង្វែរគន្លងអាចម៍ផ្កាយ ឲ្យចៀសពីការហោះបុកភពផែនដី៕ ដោយ៖ បណ្តូល ពេជ្រ / CPA