យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកចាត់ទុកចិនថា ជាដៃគូប្រកួតប្រជែងតែមួយគត់

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែលនិយាយថា ប្រទេសចិនគឺជាដៃគូប្រកួតប្រជែងតែមួយគត់ ដែលមានទាំងចេតនាក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាជាដើម។

រដ្ឋបាលបានចេញផ្សាយនូវការណែនាំសម្រាប់យុទ្ធសាស្ត្រការទូត និងយោធារបស់ខ្លួន ក្នុងថ្ងៃពុធសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី។ រដ្ឋបាលលោក បៃដិន ត្រូវបានគេរំពឹងថា នឹងបោះពុម្ពផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិនៅដើមឆ្នាំនេះ ប៉ុន្តែការប្រកាសត្រូវបានពន្យារពេល មួយផ្នែកដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន។

យុទ្ធសាស្ត្រសន្តិសុខជាតិនេះ បានបញ្ជាក់ថា ក្នុងការប្រកួតប្រជែងជាមួយចិននឹងត្រូវប្រើពេល ១០ឆ្នាំទៅមុខទៀតដើម្បីសម្រេច។ យុទ្ធសាស្រ្តនេះបន្ថែមថា អាមេរិកនឹងធ្វើឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ហើយប្រកួតប្រជែងដោយការទទួលខុសត្រូវជាមួយចិន ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

យុទ្ធសាស្រ្តនេះក៏បានពិពណ៌នាអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែរថា ជាចំណុចកណ្តាលនៃភូមិសាស្ត្រនយោបាយសតវត្សទី ២១។ យុទ្ធសាស្រ្តនេះទៀតសោត ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យរុស្ស៊ី ឬមហាអំណាចណាមួយ សម្រេចបាននូវគោលបំណងរបស់ខ្លួន តាមរយៈការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner