លោក បៃដិន កំណត់លក្ខខណ្ឌសម្រាប់ការជួបជាមួយលោក ពូទីន អំឡុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកគ្មានចេតនាជួបជាមួយលោក វ៉្លាឌីមៀ ពូទីន អំឡុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅកោះបាលី ដើម្បីនិយាយអំពីអ៊ុយក្រែនទេ លុះត្រាតែមេដឹកនាំរុស្ស៊ីរូបនេះមកជួបគាត់ជាមុន ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន ដូចជាការដោះលែងតារាបាល់បោះ WNBA នាង Brittney Griner ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅរុស្ស៊ីជាដើម។

ថ្លែងទៅកាន់ពិធីករ Jake Tapper របស់ទូរទស្សន៍ CNN ក្នុងថ្ងៃអង្គារសប្តាហ៍នេះ លោក បៃដិន បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗដែលរំខានដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានថ្កោលទោសការគំរាមកំហែងរបស់លោក ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែន។ នៅពេលសួរថាតើគាត់សុខចិត្តជួបជាមួយមេដឹកនាំរុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20 ក្នុងខែវិច្ឆិកាឬអត់? លោក បៃដិន ឆ្លើយថា ខ្ញុំគ្មានចេតនាជួបជាមួយគាត់ទេ។ ប៉ុន្តែជាឧទាហរណ៍ ប្រសិនបើគាត់មករកខ្ញុំមុន នៅឯកិច្ចប្រជុំ G20 ហើយប្រាប់ថា ខ្ញុំចង់និយាយអំពីការដោះលែងនាង Griner នោះខ្ញុំនឹងជួបជាមួយគាត់។ ខ្ញុំចង់មានន័យថា វានឹងអាស្រ័យលើរឿងនេះ។

លោក បៃដិន បានសង្កត់ធ្ងន់ថា គាត់ (លោក ពូទីន) បានប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅ… ខ្ញុំគិតថា គាត់បានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” ដូច្នេះហើយ ខ្ញុំមើលមិនឃើញមានហេតុផលណាមួយ ដើម្បីជួបជាមួយគាត់នៅពេលនេះទេ។ មេដឹកនាំទាំងពីរមិនបាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីមុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ បាននិយាយមុននេះថា វិមានក្រឹមឡាំងនឹងពិចារណាកិច្ចប្រជុំបែបនេះ ប៉ុន្តែមិនទាន់ទទួលបានសំណើពីសហរដ្ឋអាមេរិកនៅឡើយទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner