រដ្ឋបាលខេត្តបាត់ដំបង និងទីប្រឹក្សាជប៉ុន(JPC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត នៅក្នុងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា
បាត់ដំបង ៖ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តបាត់ដំបង និងទីប្រឹក្សាជប៉ុន (JPC)”ស្ដីពីការអភិវឌ្ឍទីក្រុងឆ្លាត”នៅក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រវាងឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង និងភាគីក្រុមការងារទីប្រឹក្សាជប៉ុន (JPC) ដឹកនាំដោយលោក Takanori Kuribayashi ជាលេខាទី១នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ។
គោលបំណងសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នា“MOU” គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងគូភាគី ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងឆ្លាតនៃខេត្តបាត់ដំបង តាមរយៈសកម្មភាពផ្សេងៗ នៃកិច្ចសហការ ការផ្សព្វផ្សាយ និងការគាំទ្រដូចបានរៀបរាប់នៅក្នុងផ្នែកសំខាន់ៗនិងវិសាលភាពនៃ MOU នេះ។ ជាពិសេសដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងគូភាគីទាំងសងខាង។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍទីក្រុងឆ្លាតនៅក្នុងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនិងមានប្រសិទ្ធភាពនៅថ្ងៃចុះហត្ថលេខាចុងក្រោយ រវាង រដ្ឋបាលខេត្តបាត់ដំបង ជាមួយនិងក្រុមការងារទីប្រឹក្សាជប៉ុន“JPC”ដែលមានក្រុមហ៊ុន ចំនួន៣របស់ជប៉ុន រួមមាន៖ ក្រុមហ៊ុន Yachiyo En
gineering Co.,Ltd.“YEC”, ក្រុមហ៊ុន Nippon Koei Co., Ltd.“NK” និងក្រុមហ៊ុន QSC Consultant Co., Ltd. “QSC”) ដើម្បីបន្តនូវការសិក្សាពីលទ្ធភាពអនុវត្តគម្រោងអាទិភាដែលបាន រកឃើញ តាមរយៈ ការ សិក្សារៀបចំ ប្លង់គោល របស់ក្រុមហ៊ុនជប៉ុនទាំង៣នេះ នឹងពិនិត្យឃើញនូវលទ្ធ ភាពអនុវត្តគម្រោងទីក្រុងឆ្លាតសាកល្បង ដែលនាំប្រយោជន៍ដល់ភាគីពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ បានបង្ហាញពីការត្រៀមបង្កលក្ខណៈដល់ក្រុមសិក្សា ស្របតាមគោលការណ៍និងនីតិវិធី ព្រមទាំងបានផ្តល់ទស្សនៈទានគន្លឹះដើម្បីទាញចំណាប់អារម្មណ៍ ជូនដល់ក្រុមការងារទីប្រឹក្សាជប៉ុនថា៖ខេត្តបាត់ដំបងមានសក្ដានុពលសម្បូរបែបសម្រាប់ការវិនិយោគ – សម្បត្តិតិភណ្ឌវប្បធម៌(តំបន់អភិរក្សសំណង់បេតិភណ្ឌ); សម្បត្តិធម្មជាតិ (ស្ទឹងសង្កែ…); បណ្តាញគមនាគមន៍ (ផ្លូវជាតិ ផ្លូវរថភ្លើង ព្រលានយន្តហោះ…);ហេដ្ឋារចនាសម្ព័ន្ធសង្គម-បច្ចេកទេស(បណ្តាញរំដោះទឹកភ្លៀង ទឹកស្អុយនិងទីលានចាក់សំរាមជាដើម។
ក្នុងកិច្ចប្រជុំនេះផងដែរក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឱ្យមានកម្មវិធីសិក្សាគម្រោងទីក្រុងឆ្លាតដែលគាំទ្រ ដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ ប្រទេសជប៉ុន និង បានជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីសិក្សារៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងបាត់ដំបងប្រកបដោយចីរភាពនិងឆ្លាតវៃ។ ទោះបីជាពិភពលោក ក៏ដូចជាខេត្តបាត់ដំបង បានទទួលរងនូវផលប៉ះពាល់ជាសាកល នៃ វិបត្តិកូវីដ-19អស់រយៈពេល ជាង២ឆ្នាំយ៉ាងណាក្តី ក៏ក្រុមការងារ បានខិតខំបញ្ចប់ការសិក្សា រៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងបាត់ដំបង ប្រកបដោយភាពពេញលេញ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )