ក្រសួងអប់រំបន្តផ្សព្វផ្សាយស្តីពី របាយការណ៍ពិនិត្យតាមដានការអប់រំជាសកល ឆ្នាំ២០២១-២០២២
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីរបាយការណ៍ពិនិត្យតាមដានការអប់រំជាសកល ឆ្នាំ២០២១-២០២២ ដោយផ្ដោតលើប្រធានបទ “តួអង្គមិនមែនរដ្ឋ នរណាជាអ្នកជ្រើសរើស នរណាជាអ្នកខាតបង់” “Who chooses, Who loses?” ដោយមានការចូល ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត អង្គការដៃគូ និងមន្ត្រីជំនាញអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈវីដេអូ Conference សរុប ១៤៣នាក់ ស្រី ១៦នាក់ ។
គោលបំណងនៃពិធីនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីស្ថានភាពអប់រំនៅកម្រិតសកលលោក ជាពិសេសផ្ដោតលើប្រធានបទ តួអង្គមិនមែនជារដ្ឋក្នុងវិស័យអប់រំ ដើម្បីចូលរួមសម្រេចគោលដៅអប់រំប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលបានផ្ដោតលើការ ធានាឱ្យការអប់រំមានគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ថ្លែងក្នុងពិធីបើកកម្មវិធី ឯកឧត្ដមរដ្ឋលេខាធិការ បានបង្ហាញអំពីបញ្ហាប្រឈម និងអនុសាសន៍ជាគោលនយោបាយ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង នៃការអប់រំដែលមានការចូលរួមបន្ថែមពីតួអង្គមិនមែនជារដ្ឋ ដែលជួយគាំទ្រវិស័យអប់រំ និងបានបង្ហាញចំណុចសំខាន់ៗចំនួន ៤រួមមាន៖
១. គោលដៅសំខាន់ៗរបស់ SDG4
២. បរិវត្តកម្មអប់រំ
៣. ការកៀរគរហិរញ្ញវត្ថុ សម្រាប់ចក្ខុវិស័យអប់រំឆ្នាំ២០៣០
៤. អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំ
ថ្លែងក្នុងឱកាសបិទកម្មវិធី ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍គន្លឹះសម្រាប់អ្នកសិក្សាឱ្យប្រកាន់ខ្ជាប់នូវអភិក្រម ៣គឺ៖
១. រៀនដើម្បីឱ្យសង្គមទទួលស្គាល់
២. រៀនដើម្បីឱ្យសង្គមឱ្យតម្លៃ
៣. រៀនដើម្បីឱ្យសង្គមត្រូវការ ៕ ដោយ-រ៉ាវុធ

