ជំងឺអេបូឡា៖ ប្រទេសអ៊ូហ្គង់ដាប្រកាសពីការរកឃើញករណីស្លាប់ដំបូងនៅរដ្ឋធានី កាំប៉ាឡា
អ៊ូហ្គង់ដា៖ក្រសួងសុខាភិបាលអ៊ូហ្គង់ដា នៅថ្ងៃពុធ ទី១២ខែតុលាម្សិលមិញ បានប្រកាសពីការរកឃើញករណីស្លាប់ដំបូងដោយសារជំងឺអេបូឡា។ ករណីស្លាប់ដំបូងនេះ កើតឡើងកាលពីថ្ងៃសុក្រ ទី០៧សប្ដាហ៍មុន លើបុរសម្នាក់ អាយុ២៤ឆ្នាំ នៅរដ្ឋធានី កាំប៉ាឡា(Kampala)។ តាមរយៈការប្រកាសនេះ ប្រទេសអ៊ូហ្គង់ដា បានក្លាយជាប្រទេសដំបូងគេដែលមានករណីស្លាប់ដោយសារជំងឺអេបូឡា បន្ទាប់ពីជំងឺនេះចាប់ផ្ទុះឡើងវិញកាលពីខែកញ្ញាឆ្នាំ២០២២ ក្រោយពីបាត់វត្តមានអស់រយៈពេលមួយទសវត្សរ៍។
នៅក្នុងប្រទេសអ៊ូហ្គង់ដាគិតត្រឹមពេលនេះ គេរកឃើញមានអ្នកឆ្លងជំងឺអេបូឡាចំនួន២០នាក់ ហើយអ្នកទាំងនោះកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យ ខណៈបណ្ដាប្រទេសនៅក្នុងតំបន់អាហ្វ្រិកខាងកើតទាំងអស់ រកឃើញករណីជំងឺអេបូឡាសរុបចំនួន ៥៤ករណីគិតមកដល់ពេលនេះ។
លោកវេជ្ជបណ្ឌិត Matshidiso Moeti នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិកបានថ្លែងថា៖ «នេះគឺជាលើកដំបូងហើយនៅក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលជំងឺអេបូឡាផ្ទុះឡើងវិញនៅប្រទេសអ៊ូហ្គង់ដា»។ បើតាមលោកវេជ្ជបណ្ឌិតដដែលក្រៅតែពីរដ្ឋធានី Kampala គេពុំទាន់មានសេចក្ដីរាយការណ៍អំពីជំងឺឆ្លងអេបូឡានៅតំបន់ផ្សេងទៀតនៃប្រទេសអ៊ូហ្គង់ដាទេ ប៉ុន្តែទីក្រុងនិងស្រុកនៅជុំវិញនោះ ត្រូវកំណត់ជាតំបន់មានហានិភ័យនៃការឆ្លងខ្ពស់។
ជំងឺអេបូឡា ជាជំងឺគ្រុនក្ដៅខ្លួន ហូរឈាម ឬគ្រុនឈាម ធ្លាប់ផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកហើយក្រោយមកបានរាលដាលបន្តទៅកាន់ប្រទេសផ្សេងៗទៀតនៅទូទាំងសកលលោក។ វីរុស និងអត្តសញ្ញាណរបស់ជំងឺអេបូឡា ត្រូវបានអ្នកជំនាញសុខភិបាលនិងអ្នកវិទ្យាសាស្ត្ររកឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៦ នៅប្រទេសស៊ូដង់ និងតំបន់ក្បែរនោះឈ្មោះ យ៉ានប៊ូគូ(Yanbuku)។
ជំងឺរាតត្បាតនេះ ក៏ដូចជាជំងឺរាតត្បាតធ្ងន់ធ្ងរផ្សេងទៀត ដូចជាជំងឺកូវីដ-១៩ដែរ គឺជាវីរុសដែលឆ្លងពីសត្វព្រៃមកមនុស្ស និងក្រោយមកវិវត្ត ហើយឆ្លងបន្តពីមនុស្សទៅមនុស្ស។ ការឆ្លងអេបូឡា កើតឡើងតាមយៈការប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការប៉ះពាល់ឈាម អង្គធាតុរាវជីវសាស្ត្រ ដូចជា៖ ឈាម ញើស ទឹកនោម ទឹកដោះ ទឹករំអិល ជាលិកាសត្វ និងការប៉ះពាល់ជាមួយមនុស្សមានវីរុសអេបូឡា។
នៅពេលដែលជំងឺអេបូឡាផ្ទុះឡើងខ្លាំងកាលពីឆ្នាំ២០១៤ អង្គការសុខភាពពិភពលោកបានសម្រេចប្រកាសអាសន្នជាសកល ប្រឈមនឹងការរាតត្បាតនៃជំងឺនេះ និងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមេរោគអេបូឡារាតត្បាតនៅទូទាំងពិភពលោកបាន។ វិធានការទាំងនោះ រួមមាន៖ សូមឱ្យប្រទេសនានាចាត់វិធានការកំណត់រោគសង្ស័យនៃអ្នកដែលអាចឆ្លងជំងឺអេបូឡា និងចាត់ចែងព្យាបាលជំងឺ។
ចំណែកបណ្ដាប្រទេសនានា ត្រូវសម្រួលដំណើរការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសអាហ្វ្រិកដែលរងការរាតត្បាតខ្លាំងដោយសារជំងឺអេបូឡា ជាពិសេសគឺបុគ្គលិកសុខាភិបាល ដោយហេតុថា ក្រុមគ្រូពេទ្យជួរមុខទាំងអស់នេះត្រូវធ្វើការជិតស្និទ្្ធជាមួយអ្នកជំងឺដែលធ្វើឱ្យពួកគេក្លាយជាក្រុមប្រឈមខ្លាំងទៅនឹងការឆ្លងជំងឺអេបូឡា។ ដោយឡែក ប្រទេសដែលមានផ្ទុះជំងឺអេបូឡាវិញ ត្រូវប្រកាសភាពអាសន្ន ហើយត្រូវធ្វើយ៉ាងណាផ្ដល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពនៃជំងឺអេបូឡានេះទៅកាន់ប្រជាជន។
នៅក្នុងរយៈពេលពីរឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ មានមនុស្សយ៉ាងហោចណាស់ ១១,០០០នាក់ ស្លាប់ដោយសារជំងឺអេបូឡា នៅប្រទេសសៀរ៉ាឡេអូន ហ្គីណេ និងលីបេរីយ៉ា។
ការផ្ទុះឡើងនៃជំងឺអេបូឡាជាថ្មីម្ដងទៀតនាពេលនេះ កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសអ៊ូហ្គង់ដា និងប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង។ លោក Ahmed Ogwell ប្រធានស្ដីទីនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក បានផ្ដល់អនុសាស្ត្រដល់ទ្វីបអាហ្វ្រិកទាំងមូល ត្រៀមផែនការជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡានេះ ខណៈដែលករណីនេះ មិនមានការយកចិត្តទុកដាក់ និងការជ្រោមជ្រែងពីសំណាក់សហគមន៍អន្ដរជាតិនៅឡើយទេ គិតត្រឹមពេលនេះ។ លោកសង្កត់ធ្ងន់ថា៖ «ប្រជាជននៃទ្វីបអាហ្វ្រិកដែលមានចំនួន ១.៣ប៊ីលាននាក់ ត្រូវពឹងលើខ្លួនឯង នៅចំពោះមុខការត្រឡប់មកវិញនៃជំងឺអេបូឡានេះ៕
ដោយ៖កែវ កិរិយា
https://www.telegraph.co.uk/global-health/science-and-disease/uganda-ebola-outbreak-fears-mount-first-death-recorded-capital/