តុលាការរបបយោធាមីយ៉ាន់ម៉ាកាត់ទោសលោកស្រី អ៊ុង សានស៊ូជី ៣ឆ្នាំថែមទៀត ក្រោមបទចោទពុករលួយ

មីយ៉ាន់ម៉ា ៖ តុលាការរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បានកាត់ទោសមេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត លើបទចោទប្រកាន់ពុករលួយចំនួនពីរ។ លោកស្រី អ៊ុង សានស៊ូជី បច្ចុប្បន្នមានទោសទណ្ឌជាសរុបដល់ទៅ ២៦ឆ្នាំ។

សំណុំរឿងកាត់ក្តីរបស់តុលាការរបបយោធាមីយ៉ាន់ម៉ាក្នុងសំណុំរឿងចំនួន១៤ បានធ្វើឱ្យលោកស្រី អ៊ុងសាន ស៊ូជី វ័យ ៧៧ឆ្នាំ ត្រូវទទួលទោសជាប់ពន្ធនាគារសរុបចំនួន ២៦ឆ្នាំ និងមានកាតព្វកិច្ចត្រូវធ្វើការដោយបង្ខំថែមទៀត។

តុលាការរបបយោធាមីយ៉ាន់ម៉ាទើបតែបានប្រកាសទោសលោកស្រីស៊ូជី ចំនួនបីឆ្នាំបន្ថែមទៀត នៅថ្ងៃពុធនេះ ពីបទប្រព្រឹត្តិអំពើពុករលួយអំឡុងឆ្នាំ២០១៨-២០២០ ក្រោយតុលាការមីយ៉ាន់ម៉ារកឃើញថា លោកស្រីស៊ូជីបានទទួលលុយក្រោមតុ ៥៥០,០០០ដុល្លារ ពីការទូទាត់ខុសច្បាប់របស់ក្រុមហ៊ុនអចលនទ្រព្យមួយ។

នេះបើតាមការឱ្យដឹងនៅក្នុងការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy និងបន្តថា តុលាការមីយ៉ាន់ម៉ាបានរកឃើញថាលោកស្រីស៊ូជី បានទទួលលុយពីក្រុមហ៊ុនអចលនទ្រព្យ Sae Paing Construction Co. ចំនួនបួនលើក គឺ ១០០,០០ដុល្លារ ក្នុងឆ្នាំ២០១៨, ១៥០,០០ដុល្លារ ក្នុងឆ្នាំ២០១៩, ៥០,០០០ដុល្លារ ក្នុងខែមេសា ឆ្នាំ២០២០ និង ២៥០,០០០ ក្នុងខែមេសា ឆ្នាំ២០២០។

ចំណែកបទចោទមួយទៀតជា បទចោទប្រកាន់អំពើពុករលួយដែលតុលាការមីយ៉ាន់ម៉ាចោទថា លោកស្រីស៊ូជី ទទួលយកសំណូកពីអ្នកជំនួញឈ្មោះថា Maung Weik ក្នុងការក្លែងបន្លំឱ្យសំណូកពុករលួយថាជាអំណោយដល់សប្បុរសធម៌ក្នុងមូលនិធិ Daw Khin Kyi។

មេធាវីរបស់លោកស្រី អ៊ុង សានស៊ូជី បានលើកឡើងថា បទចោទបន្តបន្ទាប់ពីតុលាការមីយ៉ាន់ម៉ាគឺជាហេតុផលនយោបាយ ដើម្បីប្រឆាំងនឹងលោកស្រីតែប៉ុណ្ណោះ។ តែយ៉ាងណាលោកស្រី អ៊ុងសាន ស៊ូជី នៅតែប្រឈមនឹងការចោទប្រកាន់បទពុករលួយចំនួនប្រាំទៀត ដែលប្តឹងចោទដោយរបបសិកយោធា។

ប្រភពស្និទ្ធនឹងតុលាការដែលមិនបញ្ចេញឈ្មោះបាននិយាយថា លោកស្រី អ៊ុង សានស៊ូជី ក្នុងអំឡុងសវនាការកាលពីថ្ងៃពុធ ទី១២ ខែតុលាឆ្នាំ២០២២ មើលទៅនៅមានសុខភាពល្អនៅឡើយទេ ហើយលោកស្រីមានគម្រោងដាក់ពាក់បណ្តឹងឡើងទៅតុលាការជាន់ខ្ពស់មីយ៉ាន់ម៉ាចំពោះសាលក្រមនេះដែរ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១។ កាលពីខែមិថុនា ឆ្នាំ២០២២ លោកស្រីត្រូវបានគេបញ្ជូនយកដាក់ឃុំ នៅក្នុងមន្ទីរឃុំឃាំងមួយ ក្នុងក្រុងណៃពីដោ ដោយមិនឱ្យមានទំនាក់ទំនង ជាមួយអ្នកខាងក្រៅទាំងអស់។

គួរបញ្ជាក់ដែរថា លោក មីន អ៊ុងឡាំង ប្រមុខដឹកនាំរបបយោធាភូមា ថ្មីៗនេះបានអះអាងថា រដ្ឋាភិបាលលោក នឹងបើកការចរចារកដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ាជាមួយលោកស្រី អ៊ុងសាន ស៊ូជី នៅពេលចប់រឿងរ៉ាវនៅតុលាការសព្វគ្រប់។ លោកបានបន្ថែមទៀតថា តាមពិតទៅ អាជ្ញាធរភូមាអាចអនុវត្តច្បាប់តឹងតែងខ្លាំងជាងនេះ លើលោកស្រីអ៊ុងសាន ស៊ូជីផង តែគេបានសុខចិត្តអនុគ្រោះយោគយល់ខ្លះ៕
ដោយ៖ បណ្តូល ពេជ្រ / CPA

https://www.irrawaddy.com/news/burma/more-than-40-myanmar-junta-troops-killed-in-two-days-of-resistance-attacks.html

ads banner