អង្គការសុខភាពពិភពលោកព្រមានថា រលកឆ្លងកូវីដ-១៩ថ្មីមួយទៀត អាចកើតមាននៅតំបន់អឺរ៉ុប

បរទេស៖ រលកមួយទៀតនៃការឆ្លងជំងឺកូវីដ ១៩ ប្រហែលជាកំពុងចាប់ផ្តើមក្នុងតំបន់អឺរ៉ុប ខណៈករណីចាប់ផ្តើមរាលដាលពេសពេញតំបន់ នេះបើតាមការព្រួយបារម្ភ របស់អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កានិងគ្រប់គ្រងជំងឺឆ្លង (ECDC) ចេញផ្សាយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ភាគីទាំងពីរបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាយើងនៅមិនទាន់ប្រាកដថាតំបន់របស់យើង កំពុងស្ថិតក្នុងស្ថានការណ៍ដូចកាលពីឆ្នាំមុន ប៉ុន្តែវាច្បាស់ណាស់ថា ជំងឺរាតត្បាតកូវីដ ១៩ នៅមិនទាន់ចប់ឡើយ។

ជាអកុសល យើងបាននឹងកំពុងមើលឃើញនូវសូចនាករនៃការកើនឡើងម្តងទៀត ក្នុងតំបន់អឺរ៉ុបដែលបង្ហាញថារលកឆ្លងថ្មីមួយទៀតបានចាប់ផ្តើមហើយ»។
ទិន្នន័យតាមតំបន់របស់ WHO បានបង្ហាញថា មានតែតំបន់អឺរ៉ុបប៉ុណ្ណោះដែលបានកត់ត្រាពីការកើនឡើងនៃករណីឆ្លងកូវីដ ១៩ គិតត្រឹមថ្ងៃទី២ ខែតុលានេះ ដោយបានកើនឡើង ៨% ពីសប្តាហ៍មុន។

អ្នកជំនាញផ្នែកសុខភាសាធារណៈ បានព្រមានថា ភាពចុះខ្សោយនៃដំណើរការចាក់វ៉ាក់សាំង និងការច្របូកច្របល់លើប្រភេទវ៉ាក់សាំង ទំនងជាកំណត់ការបង្កើនប្រសិទ្ធភាពក្នុងតំបន់។

គួរបញ្ជាក់ថា WHO និង ECDC បានកត់សម្គាល់ថា មនុស្សរាប់លាននាក់នៅទូទាំងទ្វីបអឺរ៉ុប នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩នោះទេ៕ ប្រភពពី AFP , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner