ប្រមុខការពារជាតិអាមេរិកថា សម្ព័ន្ធមិត្តនឹងផ្តល់ប្រព័ន្ធការពារដែនអាកាស រួមទាំងជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន

ព្រុចសែល៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក្នុងថ្ងៃពុធសប្តាហ៍នេះថ្លែងថា អ៊ុយក្រែនត្រូវបានរំពឹងថា នឹងតស៊ូប្រយុទ្ធក្នុងស្ថានភាពរដូវរងាដ៏អាក្រក់ ដើម្បីព្យាយាមដណ្តើមយកទឹកដីបន្ថែមទៀតពីកងកម្លាំងរុស្ស៊ីវិញ ខណៈដែលសម្ព័ន្ធមិត្តបានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មី និងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

លោក អូស្ទីន បានថ្លែងនៅក្នុងពិធីជួបជុំមួយនៅឯទីស្នាក់ការអង្គការណាតូក្នុងទីក្រុងប្រ៊ុចសែលថា ប្រទេសប្រហែល ៥០ ដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន រំពឹងថា ទីក្រុងកៀវនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីឆ្ពោះទៅមុខ បន្ទាប់ពីទទួលបានទឹកដីដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក អូស្ទីន បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំយ៉ាងដូច្នេះថា ខ្ញុំរំពឹងថា អ៊ុយក្រែននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលខ្លួនអាចធ្វើបានពេញមួយរដូវរងា ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ និងមានប្រសិទ្ធភាពនៅលើសមរភូមិ។ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានអ្វីដែលមានប្រសិទ្ធិភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពអាមេរិក បានប្រាប់អ្នកយកព័ត៌មានដែរថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយចេតនា ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល។ លោកថា រុស្ស៊ីបានកំណត់គោលដៅលើមនុស្សចាស់ ស្ត្រី និងកុមារក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារដោយអចេតនា និងចេតនាលើគោលដៅជនស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងច្បាប់អន្តរជាតិនៃសង្គ្រាម។ ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយបង្អស់របស់រុស្សី បានសម្លាប់មនុស្ស ១៩នាក់ និងរបួសជាង ១០០នាក់ ព្រមទាំងបានផ្តាច់ការផ្គត់ផ្គង់ថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner