សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារ លើកទី៣ ក្នុងក្របខ័ណ្ឌក្រុមប្រទេស CLMTV ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នាសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារ លើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»។
ថ្លែងក្នុងពិធីបើកសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការធ្វើទេសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយ ដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ មានកត្តាជាច្រើន ដែលជំរុញឱ្យការធ្វើទេសន្តរប្រវេសន៍ការងារ ចេះតែកើនឡើងជាអាទិ៍ កម្លាំងពលកម្មដែលគ្រប់អាយុធ្វើការងារ មិនអាចរកការងារបានធ្វើទៅតាមសមត្ថភាព និងជំនាញរបស់ខ្លួន ការប្រែប្រួលផ្នែកប្រជាសាស្ត្រ កត្តាសង្គម សេដ្ឋកិច្ច នយោបាយ និងគម្លាតខុសគ្នានៃប្រាក់ឈ្នួលរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ល។
កន្លងមកការធ្វើទេសន្តរប្រវេសន៍ការងារ កើតឡើងតែរវាងប្រទេសដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះដោយសារមធ្យោបាយទទួលព័ត៌មានក្នុងពិភពលោកកាន់តែទំនើប និងសម្បូរបែបគួបផ្សំនឹងមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងមានតម្លៃទាបជាងមុន បញ្ហាភូមិសាស្ត្រលែងជាឧបសគ្គដល់ការធ្វើចំណាកស្រុករបស់មនុស្សទៀតហើយ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនីមួយៗ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តន៍គោលនយោបាយសម្រាប់ការពារការគោរពសិទ្ធិ និងលក្ខខណ្ឌការងារស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម គឺជាការអនុវត្តសិទ្ធិមនុស្ស។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារនៃប្រទេស CLMTV ព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមនេះ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ទាំងពលករទេសន្តរប្រវេសន៍កម្ពុជា ដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេស ដែលមកធ្វើការនៅកម្ពុជា។
ទន្ទឹមនឹងបទប្បញ្ញត្តិជាតិនេះ កម្ពុជា បានធ្វើ និងកំពុងអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំង៤ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនូវសេចក្តីថ្លែងការណ៍អាស៊ានទីក្រុងសេប៊ូ និងឯកច្ឆ័ន្ធភាពស៊ានទីក្រុងម៉ានីល និងជាការជំរុញឱ្យគោលបំណងនៃប្រទេស CLMTV ដែលបានឯកភាពគ្នាពាក់ព័ន្ធ នឹងចល័តភាពនៃរបបសន្តិសុខសង្គមទទួលបានជោគជ័យ។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ ទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួន រួមមាន គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (២០១៥-២០២៥) គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (២០១៧-២០២៥) គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣) កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣) ជាពិសេសក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលរួមចំណែកក្នុងការគាំពារពលករទេសន្តរប្រវេសន៍។
ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍របបសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម។ សម្រាប់របបសន្តិសុខសង្គមក្របខ័ណ្ឌគោលនយោបាយនេះ បានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករ និយោជិត វិស័យឯកជន ដោយបង្កើតឱ្យមានរបបធានារ៉ាប់រងសង្គមផ្នែកសុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូលបង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គម។
ជាលទ្ធផលកម្ពុជា បានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារថែទាំសុខភាព និងសោធននិវត្តន៍
ដែលគ្របដណ្តប់លើសហគ្រាសគ្រឹះស្ថានផ្នែកផលិតកម្មផ្នែកសេវាកម្ម និងផ្នែកសាធារណៈស្ទើរតែ១០០% នៃកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តន៍ច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ២០១៨នេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍ និងពលករទេសន្តរប្រវេសន៍ផងដែរ។
តាមរយៈរបបសន្តិសុខសង្គមកម្ពុជា នឹងមានប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដែលជួយដល់ការអភិវឌ្ឍសុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងធ្វើឱ្យសង្គមកាន់តែមានសមធម៌។ ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហាញផ្លូវនេះ សម្តេចតេជោក៏បានផ្តល់អនុសាសន៍ចំនួន៣រួមមាន៖
១)អង្គសន្និសីទទាំងមូល សូមធ្វើការពិភាក្សាដោយលឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោលដៅឈានទៅដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV។
២)អង្គសន្និសីទ សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក។
៣)សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅ
ចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសន្និសីទនេះ ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីវឌ្ឍនភាពរួមរបស់ប្រទេសទាំង៥៕ធ.ដ