សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យអាស៊ានពង្រឹងសាមគ្គីភាពចំពោះមុខភាពពហុវប្បធម៌ក្នុងតំបន់
ភ្នំពេញ៖សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ជំរុញដល់បណ្តាប្រទេសសមាជិកអាស៊ានរួមគ្នាពង្រឹងសាមគ្គីភាពនៅចំពោះមុខភាពពហុវប្បធម៌ក្នុងតំបន់មួយនេះ ដែលតម្រូវដល់សមាជិកអាស៊ាន ត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹង ឲ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ស្មារតីនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្តក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងក្នុងនាមជាប្រធានអាស៊ាន២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចព្រឹត្តិការណ៍ដ៏សំខាន់នេះដោយបានជំរុញដល់សមាជិកអាស៊ានខិតខំលើកកម្ពស់ស្មារតីអាស៊ានជាធ្លុងមួយក្នុងភាពចម្រុះ នៅចំពោះមុខភាពពហុវប្បធម៌សម្រាប់អង្គការតំបន់មួយនេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ជាការពិត,អាស៊ានគឺជាសហគមន៍ពហុវប្បធម៌ដែលតម្រូវឱ្យសមាជិកអាស៊ាន ត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ” »។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យអាស៊ានត្រូវប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ការឯកភាពគ្នា, ការលើកកម្ពស់កិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ» ដើម្បីអាស៊ានអាចរួមគ្នាជាធ្លុងមួយបាន។
ក្នុងកិច្ចប្រជុំនោះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏បានស្នើដល់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ផ្ដោតជាសំខាន់លើអាទិភាពចំនួនបួនផងដែរ ដើម្បីលើកកម្ពស់ស្មារតីនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្តក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន។ ក្នុងនោះរួមមាន ទី១ ពង្រឹងគុណតម្លៃការយល់ដឹង និង អត្តសញ្ញាណអាស៊ាន ទី២ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងការផ្ដល់អំណាចទៅឱ្យស្ដី ទី៣ ពង្រឹងសុខភាពសុខុមាល ភាពនិងការគាំពារសង្គម និងទី៤ ពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នរបស់សហ គមន៍សង្គម-វប្បធម៌អាស៊ាន ។
ជុំវិញបញ្ហានេះ លោក សេង វណ្ណលី ជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានស្ថានការណ៍នយោបាយក្នុងតំបន់ លើកឡើងថា បើទោះបីអាស៊ានជាតំបន់ដែលមានទីផ្សារធំមួយ មានប្រជាជនវ័យក្មេងច្រើន និងគោលនយោបាយទាក់ទាញការវិនិយោគក្តី តែដោយសារភាពចម្រុះវប្បធម៌ និងកម្រិតអភិវឌ្ឍន៍មិនស្មើភាពគ្នារវាងសមាជិកអាស៊ាន វាកត្តាបង្កបញ្ហាប្រឈមសម្រាប់អាស៊ានទាំងបច្ចុប្បន្ននិងអនាគត។
លោកគូសបញ្ជាក់ពីបញ្ហាប្រឈមពីភាពចម្រុះក្នុងតំបន់អាស៊ានដូច្នេះថា៖ «ក្នុងចំណោមបញ្ហាប្រឈមជាច្រើន បញ្ហាប្រឈមដ៏ធំបំផុតដែលអាស៊ានជួបប្រទះ គឺការសម្របសម្រួលផ្ទៃក្នុង ដែលបង្កឡើងដោយភាពចម្រុះក្នុងចំណោមប្រទេសជាសមាជិក។ ការតភ្ជាប់និងសមាហរណកម្ម ផ្នែកសេដ្ឋកិច្ច ភាសា និងវប្បធម៌ បរិយាកាសនយោបាយ និងប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់នៅមានកម្រិតនៅឡើយ»។
លោកសាស្ត្រាចារ្យ សេង វណ្ណលី បន្ថែមថា ដើម្បីឱ្យមានភាពប្រសើរឡើងចំពោះមុខភាពពហុវប្បធម៌នេះ អាស៊ានមានភាពចាំបាច់ណាស់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ថាប័នរវាងគ្នានឹងគ្នា បន្ថែមលើសមាហរណសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ហើយស្រាប់នោះ។
គួរជម្រាបថា កិច្ចប្រជុំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (28th ASCC Council Meeting) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ នាពេលកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕
ដោយ៖សំបាន ច័ន្ទដារ៉ា