ការប្រើដីជុំវិញផ្ទះឱ្យអស់លទ្ធភាព បានធ្វើឱ្យកសិករពីររូបកាត់បន្ថយចំណាយលើការទិញបន្លែ ត្រីសាច់ ពីទីផ្សារ
ភ្នំពេញ៖ស្របពេលដែលប្រជាជនមានត្រឹម ១៦ លាននាក់ ហើយគម្រោងអភិវឌ្ឍផ្សេងៗក៏មិនទាន់មានច្រើនទៀតនោះ ផ្ទៃដីនៅកម្ពុជានៅសល់ទំនេរច្រើន។ ពលរដ្ឋដែលរស់នៅតាមខេត្តភាគច្រើនគឺមានដីធំទូលាយ ដែលអំណោយផលសម្រាប់ការធ្វើកសិកម្ម ក៏ប៉ុន្តែការប្រើប្រាស់ដីរបស់ពួកគេបច្ចុប្បន្នហាក់នៅមិនទាន់ប្រើអស់ពីលទ្ធភាពនៅឡើយ។
មិនទាន់អស់លទ្ធភាព ព្រោះប្រជាជនច្រើនតែមើលរំលងពីរឿងតូចៗ ដូចជាការទុកដីឱ្យចន្លោះចោល ជាដើម។ ម្យ៉ាងទៀត ការមិនទាន់មានចំណេះដឹងគ្រប់គ្រាន់លើការដាំដុះ ក្រៅតែពីកសិកម្មប្រពៃណី ក៏ហាក់ចោទជាបញ្ហាសម្រាប់កសិករវ័យចំណាស់មួយចំនួនផងដែរ។ ប៉ុន្តែសម្រាប់កសិករមួយចំនួនដែលយល់ពីធនធានដែលខ្លួនមាន និងស្វែងរកចំណេះដឹងបន្ថែមទាក់ទងនឹងការដាំដុះ ពួកគេអាចរស់នៅដោយមានជីវភាពធូរធា ឬយ៉ាងហោចណាស់មិនមានអ្វីត្រូវចំណាយច្រើន។
កសិករមួយរូបនៅខេត្តកំពង់ឆ្នាំងបានលើកឡើងពីសកម្មភាពវិលជុំរបស់ខ្លួនទៅលើការថែទាំដំណាំ និងចិញ្ចឹមសត្វនៅជុំវិញផ្ទះ ដែលសកម្មភាពទាំងនេះ ថ្វីត្បិតតែហត់ ក៏ប៉ុន្តែបានជួយសម្រាលការចំណាយរបស់ខ្លួនមួយផ្នែកធំ។
អ្នកស្រី ប៊ូ សុភី ដែលមានចំណូលចិត្តខាងដាំដំណាំ ហើយដែលទទួលបានការណែនាំ បណ្ដុះបណ្ដាលពីគម្រោង SUCRA បានចាប់ផ្ដើមការដាំដុះរបស់ខ្លួននៅចុងឆ្នាំ ២០២០កន្លងទៅ។ អ្នកស្រីបានរៀបរាប់ថា៖ «ខ្ញុំមានដីជុំវិញផ្ទះប្រហែលកន្លះហិកតា ហើយបានដាំដំណាំចម្រុះគ្រប់មុខ ដែលមានតាំងពីដំណាំហូបផ្លែ បន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ»។
អ្នកស្រីបាននិយាយបន្ថែមថា ការដាំដុះរបស់ខ្លួនប្រៀបបីដូចជាចរន្ដមួយដែលវិលបំពេញគ្នាទៅវិញទៅមក ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបានជីកស្រះមួយ និងបានដាក់ត្រីក្នុងស្រះដើម្បីឱ្យទឹកស្រះមានជីវជាតិ ហើយទឹកស្រះនោះនឹងត្រូវយកទៅស្រោចដំណាំនៅខែប្រាំង រីឯត្រីដែលចិញ្ចឹមនោះក៏អាចហូបបានថែមទៀត។ ដំណាំដែលប្រមូលបានឯណោះវិញ អាចហូបខ្លួនឯងបាន និងអាចបែងចែកមួយផ្នែកឱ្យសត្វស៊ី ។លាមកសត្វវិញ ក៏ត្រូវបានអ្នកស្រីយកទៅលាយជាជីកំប៉ុស្តិ៍សម្រាប់ដាក់គល់ដំណាំហូបផ្លែផងដែរ។
តាមរយៈកសិកម្មវិលជុំនេះ អ្នកស្រីថា ខ្លួនកម្រនឹងទិញបន្លែ ឬសាច់ពីផ្សារណាស់ ពោលគឺទិញតែគ្រឿងប៊ីចេង ស្ករ អំបិល ដែលអ្នកស្រីមិនអាចផលិតបាន។ ម្យ៉ាងទៀត សុខភាពអ្នកស្រីបានប្រសើរឡើងជាបន្តបន្ទាប់ក្រោយពីអ្នកស្រីហូបតែបន្លែធម្មជាតិដែលខ្លួនដាំ។
សម្រាប់សេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីវិញ អ្នកស្រីក៏អាចមានចំណូលជាប្រចាំតាមរយៈការលក់បន្លែ ផ្លែឈើ និងសត្វចិញ្ចឹម សល់ពីការផ្គត់ផ្គង់ក្នុងផ្ទះដែលអាចបានយ៉ាងតិចប្រាំមួយម៉ឺនរៀលក្នុងមួយថ្ងៃ។
ចំណែកកសិករ អោម ផាន់ ដែលរស់នៅខេត្តពោធិ៍សាត់ឯណោះវិញ មានដីជុំវិញផ្ទះរហូតដល់ពីរហិកតា។ ពីរហិកតានេះ រាប់បញ្ចូលទាំងដីធ្វើស្រែ ដីចម្ការ និងស្រះទឹកផងដែរ។ កសិកររូបនេះរៀបរាប់ថា នៅខែវស្សាខ្លួនផ្ដោតលើដំណាំស្រូវភាគច្រើន ហើយក្រោយពេលប្រមូលផលទើបរៀបចំដាស់ដីសម្រាប់ដំាំដំណាំវិញម្ដង។ ដីមួយផ្នែកទៀត លោកបានដាក់ដាំដំណាំហូបផ្លែដូចជា ដូង ស្វាយ ត្របែកជាដើម។
លោក អោម ផាន់និយាយថា៖ «នៅខែប្រាំង ពេលទឹករីងខ្ញុំអាចចាប់ត្រីក្នុងស្រះដែលនៅជាប់ស្រែសម្រាប់ហូប និងលក់បាន ។បន្ទាប់មកខ្ញុំត្រូវភ្ជួរដាស់ដីសម្រាប់ដាំត្រសក់ ល្ពៅ ឪឡឹក និងមួយផ្នែកទៀតដាំស្លឹកគ្រៃ រំដេង ម្ទេស ជី និងខ្ទឹមយកស្លឹកជាដើម»។
ក្រៅពីនេះ លោកក៏មានចិញ្ចឹមគោ ចិញ្ចឹមមាន់ទាផងដែរ ។ជានិច្ចជាកាលតែប្រមូលសត្វចិញ្ចឹមទាំងនេះ បូករួមទិន្នផលជុំវិញផ្ទះលក់បានជាបន្តបន្ទាប់។ លោកអះអាងថា យូរៗម្ដងទើបគ្រួសារលោកទិញបន្លែ សាច់ពីផ្សារ ប៉ុន្តែភាគច្រើនអ្វីដែលមាននៅជុំវិញផ្ទះនេះ គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការហូបចុករបស់គ្រួសារលោកទាំងមូល។
តាមរយៈរឿងរ៉ាវរបស់កសិករទាំងពីរខាងលើ បានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការធ្វើកសិកម្មទៅលើសេដ្ឋកិច្ចពលរដ្ឋខ្លួនឯងផ្ទាល់ និងភាពប៉ិនប្រសប់របស់កសិករក្នុងការប្រើប្រាស់ដីជុំវិញផ្ទះឱ្យអស់ពីលទ្ធភាព៕






ដោយ៖កែវ បុស្បា