យានអវកាសជប៉ុនកម្ទេចខ្លួនឯង បន្ទាប់ពីបាញ់បង្ហោះប៉ុន្មាននាទី
ជប៉ុន៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបានអះអាងថា រ៉ុកែ្កតស្វ័យប្រវត្តិ ដែលដឹកផ្កាយរណបត្រូវកម្ទេចចោលភ្លាមៗ បន្ទាប់ពីវាបានហោះចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២។
បរាជ័យនៃការបាញ់បង្ហោះគ្រាប់រ៉ុកែ្កត Epsilon-6 កាលពីថ្ងៃពុធ ទី១២ ខែតុលា គឺជាការបង្ហោះយានអវកាសបរាជ័យលើកដំបូងរបស់ប្រទេសជប៉ុនក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយ។ រ៉ុកែ្កតដែលត្រូវបានបញ្ជាឱ្យកម្ទេចនេះ ដោយសារបាញ់មិនចំទីតាំងត្រឹមត្រូវ ដើម្បីឱ្យវាទៅគោចរជុំវិញផែនដី។ ដូច្នេះត្រូវលុបចោលការបាញ់នៅប្រមាណប្រាំពីរនាទីក្រោយមក។
ប្រធានទីភ្នាក់ងារអវកាសជប៉ុន (JAXA) លោក Hiroshi Yamakawa បាននិយាយក្នុងសន្និសីទសារព័ត៌មានអនឡាញមួយ បន្ទាប់ពីបេសកកម្មត្រូវបានលុបចោលថា៖ «យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការបរាជ័យរបស់យើងក្នុងការបំពេញតាមការរំពឹងទុក»។ លោក Yamakawa បានសន្យាថានឹងជួយសហការស៊ើបអង្កេតរកមូលហេតុនៃការបរាជ័យនេះ។
អ្នករាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK និយាយថា មានការរំពឹងទុកខ្ពស់ថាការហោះហើរនៅថ្ងៃពុធ ទី១២ ខែតុលា ក្នុងការបញ្ជូនផ្កាយរណបពាណិជ្ជកម្មទៅកាន់លំហអាកាសនឹងត្រួសត្រាយផ្លូវសម្រាប់ទីភ្នាក់ងារអវកាសជប៉ុន ចូលប្រឡូកទៅក្នុងអាជីវកម្មបញ្ជូនផ្កាយរណប ដែលកំពុងមានសន្ទុះ។
លោក Yasuhiro Funo អ្នកគ្រប់គ្រងគម្រោងខាងលើនៃទីភ្នាក់ងារអវកាសជប៉ុនបានពន្យល់ថា បញ្ហាបច្ចេកទេសត្រូវបានរកឃើញនៅដំណាក់កាលទី៣ និងទី៤ នៃការបាញ់បង្ហោះ ពោលគឺនៅមុនបន្តិចក្នុងពេលដែល Booster របស់រ៉ុកែ្កតបញ្ឆេះ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនៅពេលវាធ្លាក់ចុះនោះ លោកបញ្ជាក់ថា៖ «យើងបានបញ្ជាឱ្យកម្ទេចរ៉ុកែ្កត ព្រោះថាបើយើងបញ្ជូនវាទៅលំហរអាកាស យើងមិនដឹងថាវានឹងហោះទៅដល់ទីណាទេ»។
មន្ត្រីនៃទីភ្នាក់ងារអវកាសជប៉ុនបាននិយាយថា ទីភ្នាក់ងារនេះបានបញ្ជូនសញ្ញាសម្រាប់ការបំផ្ទុះដោយខ្លួនឯងចូលទៅរ៉ុកែ្កតនេះ បន្ទាប់ពីមានការសម្រេចចិត្តថា រ៉ុកែ្កតមិនអាចហោះដោយសុវត្ថិភាព និងចូលទៅក្នុងគន្លងដូចដែលបានគ្រោងទុកទេ។ ក្រុមមន្ត្រីបាននិយាយថា គ្រាប់រ៉ុកែ្កត និងទំនិញដែលជាផ្កាយរណប បានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសហ្វីលីពីន។
រ៉ុកែ្កត Epsilon មានបន្ទុកចំនួនប្រាំបី ក្នុងនោះបន្ទុកពីរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនមួយ ដែលមានមូលដ្ឋាននៅទីក្រុង Fukuoka ភាគខាងត្បូងជប៉ុន។ វាជាលើកទីមួយហើយ ដែលគ្រាប់រ៉ុកែ្កត Epsilon ទទួលបញ្ជូនសម្ភារអវកាស ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជន។
ការបាញ់បង្ហោះរ៉ុកែ្កតពាណិជ្ជកម្ម Epsilon-S នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ដោយបេសកកម្មនោះ គឺជាការបញ្ជូនផ្កាយរណបរបស់ក្រុមហ៊ុនវៀតណាម។ រ៉ូកែតពាណិជ្ជកម្ម Epsilon-S ត្រូវអភិវឌ្ឍដោយក្រុមហ៊ុនអវកាសរបស់ជប៉ុន IHI Aerospace។
កម្មវិធីអវកាសរបស់ប្រទេសជប៉ុន គឺជាកម្មវិធីដ៏ធំបំផុតមួយក្នុងចំណោមប្រទេសផ្សេងទៀតលើពិភពលោក ហើយកាលពីសប្តាហ៍មុន អវកាសយានិកជប៉ុនលោក Koichi Wakata បានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលជាផ្នែកនៃបេសកកម្ម Crew-5៕ ដោយ’៖យ៉ាន អាន/ CPA