កិច្ចប្រជុំក្រុមគ្រូពេទ្យត្រៀមព្យាបាលជំងឺផ្ដល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌ជូនជនដោយសារគ្រោះទឹកជំនន់
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ ស្តីពីកិច្ចពិភាក្សា ត្រៀមក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌ ជូនប្រជាជនមានជីវភាពលំបាកខ្វះខាត និងកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅព្រឹកថ្ងៃទី 13 ខែតុលាឆ្នាំ2022 ។
បន្ទាប់ពីមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាបង្កឲ្យខូចខាតដំណាំស្រូវ ផ្ទះសំបែង និងលំនៅដ្ឋានប្រជាជននៅ ក្នុងខេត្តកំពង់ធំបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខមាលភាព និងជំងឺដង្កាត់ផ្សេងៗថែមទៀតផង ក្នុងនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងទ័ពជាកូនចៅរបស់ប្រជាជន ជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយនាំក្រុមគ្រូពេទ្យមកពិនិត្យមើលឱសថ និងមធ្យោបាយកិច្ចការធានាផ្សេងៗ ចុះទៅបម្រើប្រជាជនឲ្យដល់មូលដ្ឋាន និងបាននាំយកមនុស្សធម៌មួយចំនួន របស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មកឧបត្ថម្ភជូនបងប្អូនប្រជាជនផងដែរ។
ក្រុមគ្រូពេទ្យទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្ម័គ្រចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ មធ្យោបាយធានា និងថ្នាំពេទ្យមួយចំនួនសម្រាប់ពិគ្រោះព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាជនដោយឥតគិតថ្លៃ និង បម្រើ ប្រជាជន ដោយអស់ពីចិត្តពីថ្លេីម ៕
ដោយ ប៊ុន រដ្ឋា