មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បើកកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទលើកទី៥

រតនគិរី ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២បានរៀបចំកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទលើកទី៥ ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទ ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋក្នុងខេត្តយល់ដឹងច្រើន ពីវិស័យដ៏មានសារៈសំខាន់នេះ។

កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទនិងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរីនិងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG-RWSSH) ខេត្ត ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ពីសំណាក់ លោក អៀម អឿន
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួចមក ឯកឧត្តម ម៉ា វិចិត្រ បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការក្រៅរាជរដ្ឋាភិបាលនានា ដែលបានយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើង និងសម្រេចឲ្យបានតាមគោលដៅដែលបានគ្រោងទុកពីព្រោះយើងមានគោលបំណងដូចគ្នា នោះគឺការកែទម្លាប់រស់នៅមិនល្អ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ថ្លែងបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទបានលើកឡើងថា វិស័យទឹកស្អាត និងអនាម័យជនបទពិតជាបានលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគតជាពិសេសបានផ្លាស់ប្តូរទម្លាប់ របស់ប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព និងប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាលមកប្រើប្រាស់បង្គន់អនាម័យវិញ។

ឯកឧត្តម រដ្ឋលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ដែលបានខិតខំអនុវត្តការងារមួយនេះឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញឲ្យអនុវត្តន៍ ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត៕ដោយ គតិ យុត្ត

ads banner