ភូមិ​វត្ត​បូព៌​ជាប់​លេខ៣ ក្នុង​ចំណោម​សង្កាត់​ល្អ​ជាង​គេចំនួន​៥១ នៅ​លើ​ពិភព​លោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទស្សនា​វដ្ដី​ដ៏​ចំណាស់​មួយ​របស់​ប្រទេស​អង់គ្លេស​បាន​ឱ្យ​ចំណាត់​ថ្នាក់​ភូមិ​វត្ត​បូព៌នៃ​ខេត្ត​សៀមរាប​ជាប់​លេខបី​​ ក្នុង​ចំណោម​សង្កាត់​ល្អ​ជាង​គេ​ចំនួន​៥១ នៅ​លើ​ពិភព​លោក​។

យោង​តាម​ការ​បោះ​​ពុម្ព​ដោយ Timeout ដែល​ជា​ទស្សនា​វដ្តី​អន្តរ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ជ្រើស​រើស​នេះ គឺ​ផ្អែក​លើ​ការ​ស្ទង់​មតិ​លើ​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង និង​អ្នក​ជំនាញ​ក្នុង​តំបន់​ចំនួន ២០,០០០នាក់​​ ស្នើ​សុំ​ឱ្យ​ដាក់​ចំណាត់​ថ្នាក់​កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​កម្សាន្ត អាហារ វប្បធម៌ និង​សហគមន៍​។

បច្ចុប្បន្ន​នេះ ភូមិ​វត្ត​បូព៌មាន​កន្លែង​ដ៏​អស្ចារ្យ​ជា​ច្រើន​ដូច​ជា Laundry និង Miss Wong ភោជនីយ​ដ្ឋាន​ដែល​មាន​ទេស​ភាព​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដូចជា Banlle និង Pou Restaurant & Bar សណ្ឋាគារ​ល្បីៗ​លំដាប់​អន្ត​រ​ជាតិ​ដូចជា Viroth’s និង Treeline Urban Resort និង​ហាង​កាហ្វេ bougie ដូច​ជា ​Paris Bakery, Footprint និង Snack & Relax.

ហើយ​ភូមិ​វត្ត​បូព៌ក៏​ជា​ទីតាំង​របស់​គ្រឹះ​ស្ថាន​ចម្អិន​ម្ហូប​សរីរាង្គ Tevy’s Place ដែល​ជា​សហគ្រាស​សង្គម​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង​មូល​ដ្ឋាន និង​ការ​ប្រមូល​ផ្ដុំ​តុក្តារ​ធ្វើ​ដោយ​ដៃ​របស់ Oko Gallery។

បន្ថែម​ពី​នេះ​ទៀត ចំណុច​លេច​ធ្លោ​មួយ​គឺ​ភូមិ​វត្ត​បូព៌ក្នុង​ខេត្ត​សៀម​រាប​ប្រទេស​កម្ពុជា ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ចំណាត់​ថ្នាក់​រួម និង​បាន​គ្រង​មកុដ​ជា​សង្កាត់​ដែល​ស្អាត​ជាង​គេ​នៅ​អាស៊ី​។

ជុំ​វិញ​រឿង​នេះ ឯកឧត្តម  តុប សុភ័ក អ្នក​នាំ​ក្រសួង​ទេស​ចរណ៍​ បាន​ប្រាប់​ថា វា​ជា​រឿង​ល្អ ដែល​ភូមិ​នេះ​ត្រូវ​បាន​ពិភព​លោក​ស្គាល់ ហើយ​នឹង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ច្រើន​ចង់​មក​ស្គាល់ ទស្សនា​ប្រទេស​កម្ពុជា​។

លោកបន្តថា៖ «នៅ​ក្នុង​​ហ្នឹង​​ក្រសួង​​ទេសចរ​ក៏​មាន​ការ​រៀប​ចំសន្តិសុខ​សណ្ដាប់​ធ្នាប់​ឲ្យ​​បាន​​ល្អ​ប្រសើរ ​ដែល​​ជា​​វត្ត​​គំរូទេស​ចរ​​ដោយ​សារ​​តែ​​ទេសចរយើង​ខ្លះ​ក៏​គេ​ចង់​ទៅ​មើល​វត្ត​ ព្រោះវត្តអារាមក៏ជាគោលដៅទេសចរណ៍មួយដែរ​»។

លោកបន្តថា៖ «អ្វីដែល​ក្រសួង​ធ្វើ​កន្លង​ទៅ​គឺ​រៀប​ចំ​ឱ្យ​មាន​ការប្រឡង​ប្រជែង​វត្ត​គំរូ ប្រសិន​បើ​វត្ត​ណា​អាច​រៀប​ចំ​ជា​វត្ត​គំរូ​ហើយ​រៀប​ចំជា​គោលដៅ​ទេសចរ​បាន​គឺវា​ល្អ​​ ក្រៅ​ពី​ប្រាង្គ​ប្រាសាទ​ និង​សហគមទេសចរណ៍»។

ក្រៅពីនេះ​លោក​​បន្ថែម​ទៀត​ថា​ លោក​មិនច្បាស់​​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុងភូមិ​វត្ត​បូព៌​នោះទេ​ ពីព្រោះ​វត្ត​មិន​មែន​ក្រសួង​ទេសចរ​ចេញអាជ្ញាប័ណ្ឌ​​គ្រប់គ្រង​នោះ​ទេ​ តែ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​វត្ត​​ក៏​ជាគោលដៅ​​​ទេសចរមួយ​ផង​ដែរ​​​៕ ហោ សុវិទ្យា និង ជា សុខនី

ads banner