វិស័យអចលនវត្ថុក្នុងស្រុកនៅបន្តមានចរន្តដោះដូរ តែជួបបញ្ហាប្រឈមខ្លះដែលត្រូវដោះស្រាយ
ភ្នំពេញ៖ វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងវិវត្តន៍ជាវិជ្ជមានជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។ នេះបើតាមការអះអាងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ ក្រោយពេលវិស័យនេះបានពើបប្រទះនឹងការស្ទះដំណើរការនៅក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសកល។
លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃអចលទ្រព្យកម្ពុជាបានកត់សម្គាល់ថា៖ «ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅតែបន្តដំណើរការទៅមុខបន្តិចម្តងៗដដែល ដោយមិនមានផលរាំងស្ទះទៅដល់វិបត្តិធ្ងន់ធ្ងរខ្លាំងនោះទេ»។
អ្នកជំនាញផ្នែកអចលទ្រព្យរូបនេះអះអាងថា នេះគឺជាយន្តការនៃការវិវត្តន៍ជាវិជ្ជមាននៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។តែទោះជាយ៉ាងណាក្តី វិស័យមួយនេះ ក៏បាននិងកំពុងប្រឈមបញ្ហាខ្លះ ដែលត្រូវដោះស្រាយ ក្រោយពេលវិស័យរងការប៉ះទង្គិចដោយសារតែវិបត្តិកូវីដ១៩។
លោក ច្រឹក សុខនីម បាននិយាយថា៖ «ការទិញ លក់ អចលនទ្រព្យមួយចំនួន មានការធ្លាក់ចុះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល រងផលជះជាអវិជ្ជមានដោយសារតែកូវីដ១៩»។
នៅចំពោះមុខដំណោះស្រាយក្នុងការស្តារឡើងវិញនៃវិស័យអចលនទ្រព្យក្នុងប្រទេស លោក ច្រឹក សុខនីម លើកឡើងពីកត្តាបីចំណុច ដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងឡើងវិញ។
លោកថា៖ «វិស័យនេះអាចបន្តសកម្មភាពរបស់ខ្លួនឡើងវិញ ដោយសារមានយន្តការបី ជាអទិភាពសំខាន់។ ទី១ ការគាំទ្រគោលនយោបាយពង្រីកការប្រើប្រាស់ដីធ្លីរបស់រាជរដ្ឋាភិបាល។ ទី២ ការគាំទ្រដោយហិរញ្ញប្បទានពីធនាគារ ស្ថាប័នធនាគារ នៅតែជាអាទិភាពដើម្បីភាពរីកចម្រើន។ ទី៣ គឺតម្រូវការក្នុងការប្រើប្រាស់ដី សម្រាប់ជាលក្ខណៈលំនៅឋាន ឬការផ្លាស់ប្តូរលំនៅឋានចូលមកក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្ត ឬតំបន់ប្រជុំជន»។
តាមអ្នកជំនាញរូបនេះកត្តាទាំងបី នឹងអាចឱ្យវិស័យអចលនទ្រព្យបន្តសកម្មភាពដោះដូរ ហើយមួយផ្នែកវិញទៀត គឺលំហូរវិនិយោគរបស់ជនបរទេស។ លោកបន្តថា៖ «នេះជាចំណុចសំខាន់ និងជាអាទិភាព ដែលជួយឱ្យកំណើន និងទ្រទ្រង់វិស័យសេដ្ឋកិច្ចឱ្យមានការរីកចម្រើន»។
គួរជម្រាបថា ក្នុងបរិការណ៍នៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះជាអវិជ្ជមាន ក្នុងរង្វង់ -៣ភាគរយ ខណៈដែលការទិញលក់អចលនទ្រព្យ ក៏មានភាពជាប់គាំង ដ្បិតមិនមានការវិនិយោគគួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែក្រោយការដាក់ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ជាបន្តបន្ទាប់ សេដ្ឋកិច្ចកម្ពុជាបានងើបមកវិជ្ជមានវិញក្នុងឆ្នាំ២០២១។
ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ ត្រូវបានក្រសួងសេដ្ឋកិច្ចដាក់ក្តីរំពឹងថា នឹងងើបឡើងវិញ ក្នុងរង្វង់៤.៨ភាគរយ ដោយសម្អាងលើការវិនិយោគក្នុងស្រុក និងតម្រូវការលំនៅឋាននៅតែបន្តមានសន្ទុះ។ នេះបើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសមាជលើកទី២៣របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ានតាមប្រព័ន្ធអនឡាញ កាលពីខែវិច្ឆិកាឆ្នាំ២០២១៕ ដោយ៖ សេក ប្រាក់