ក្រសួងការងារពន្យល់​ពី​ភាព​ចាំ​បាច់​របស់​គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលាឆ្នាំ​២០២២​នេះ បាន​ថ្លែង​ពន្យល់​អំពី​គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប.) នេះ ដោយ​ឯកឧត្តមបាន​បញ្ជាក់​ថា គណៈកម្មការ​នេះមានភាពចាំបាច់ណាស់ ដែល​ដើរ​តួ​ជាយន្តការបន្ថែមសម្រាប់ដោះស្រាយវិវាទការងារ។

ឯកឧត្តម ហេង សួរបានបញ្ជាក់ថា ៖ «តាមច្បាប់ការងារនៅពេលមានវិវាទ យើងដោះស្រាយតាមរយៈកម្រិតក្រុមហ៊ុនសិន បន្ទាប់មកទៀតយើងដោះស្រាយក្នុងកម្រិតក្រសួងឬមន្ទីរ ហើយមកទៀតទើបដល់ដៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់មកទើបដល់កម្រិតតុលាការ ប៉ុន្តែពេលខ្លះករណីខ្លះ ឈានដល់ការធ្វើកូដកម្ម បាតុកម្ម ពេលគ្មានដំណោះស្រាយ។ ដូច្នេះគណៈកម្មការនេះ មានតួនាទីសម្របសម្រួលហៅភាគីមកផ្សះផ្សារ ជួបប្រជុំរកដំណោះស្រាយ ទោះស្ថិតកម្រិតតុលាការ ឬដំណាក់កាលណាក្តី ពេលមានកូដកម្ម ឬបាតុកម្ម »។

មិនត្រឹមតែប៉ុណ្ណោះ បើសិនករណីវិវាទការងារឈានដល់ដៃតុលាការ ឬក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីជម្លោះនីមួយៗក៏នៅតែអាចវិលមករកកិច្ចចរចារសម្របសម្រួលបានដែរ ដោយប្រើប្រាស់យន្តការរបស់គណៈកម្មការនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តមអ្នកនាំពាក្យខាងលើ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថា នៅពេលវិវាទការងារម្តងៗ លោកស្រីមើលឃើញថា ភាគច្រើន មានការចូលរួមដោះស្រាយពីក្រុមអង្គការ ឬសមាគមសហជីព ជាងពីភាគីក្រសួងការងារ ដោយទាល់តែមានការទាមទារពីក្រុមសហជីព​ ទើបគណៈកម្មការពាក់ព័ន្ធរបស់ក្រសួងចូលខ្លួនមកដោះស្រាយ។

ក្រុមសហជីពបានលើកឡើងថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា របស់ក្រសួងការងារ គ្មានឥទ្ធិពលក្នុងការដោះស្រាយវិវាទការងារ ខណៈមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារថា គ​ណៈកម្មការនេះនៅតែមានភាពចាំបាច់ក្នុងករណីសម្របសម្រួលវិវាទការងារធ្ងន់ធ្ងរ។

នៅថ្ងៃទី១៣ ខែតុលា នេះ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានថ្លែងថា កន្លងមកកិច្ចការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប.)របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមានផ្លែផ្កាជាដុំកំភួនឡើយ ក្នុងករណីដោះស្រាយវិវាទ ចម្រូងចម្រាស់ក្នុងវិស័យការងារ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) យល់​ឃើញ​មិនសូវខុសគ្នាពីអ្នកស្រីយ៉ាង សោភ័ណ្ឌទេ។ លោកថា នីតិវិធីផ្សះផ្សារ និងសម្របសម្រួលនានារបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប.) គឺមិនសូវមានប្រសិទ្ធភាព។

គួររំឭកថា កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានការងារក្នុងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអន្តរាគមន៍ និងដោះស្រាយដល់ទីកន្លែងបានទាន់ពេលវេលានូវរាល់ទំនាស់ ឬវិវាទការងារ ព្រមទាំងបានដាក់ចេញទិសដៅចំនួនបួនសម្រាប់បន្តការងារដល់ឆ្នាំ២០២៤ ផង៕ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner