ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៦០០គ្រួសារ ក្នុងស្រុករតនមណ្ឌល និងស្រុកបវេល ទទួលបានស្បៀងបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រធានគណៈកម្មាធិកាគ្រោះមហន្តរាយ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បាននាំយកនូវស្បៀងបម្រុងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក នៅក្នុងស្រុកចំនួន២ ក្នុងនោះស្រុករតនមណ្ឌល ចំនួន៣៥០គ្រួសារ និងស្រុកបវេលចំនួន២៥០គ្រួសារ ។

ការចុះចែកនិងផ្តល់ស្បៀងសង្គ្រោះបន្ទាន់នេះ គឺធ្វើឡើងដោយមានការណែនាំពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈគណៈកម្មាធិការគ្រោះមហន្តរាយ ខេត្តបាត់ដំបង ដើម្បីចុះធ្វើការចែកជូន នូវស្បៀងសង្គ្រោះបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះតាមទីតាំងដាច់ដោយឡែកពីគ្នា ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកទាំងពីរផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងផលប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកបានបង្កការរំខានក្នុងការប្រកបរបរកសិកម្ម ធ្វើឲ្យប៉ះពាល់និងបង្កការខូចខាតផលដំណាំស្រែចម្ការរបស់បងប្អូនរាប់ពាន់ហិកតា តាមបណ្តាស្រុកដែលរងគ្រោះ។

តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៥០គ្រួសារ នៅឃុំស្នឹង ស្រុកបាណន់ និងនៅឃុំល្វា-ព្រៃខ្ពស់ក្នុងស្រុកបវេល ចំនួន ២៥០គ្រួសារ ដែលបានចែកជូន។

ឯកឧត្តម សុខ លូ បានថ្លែង បន្ថែមទៀតថា៖ អំណោយមនុស្សធម៌តាមរយៈ គណៈកម្មាធិការគ្រោះមហន្តរាយខេត្តដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាល របស់ បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋនិងប្រជាកសិករជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
