សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ចូលរួមប្រារព្ធពិធីបុណ្យ កាន់បិណ្ឌទី៤នៅវត្តក្រពើហា ក្រុងតាខ្មៅ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្រ្តីរាជការជាច្រើន បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមគន្លងប្រពៃណី និងសាសនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តក្រពើហា ដោយសទ្ធាជ្រះថ្លាជាទីបំផុត។ សម្តេចបានឧទ្ទិសកុសលផលបុណ្យដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះបុព្វការីជន វីរជនស្នេហាជាតិទាំងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្តេចបានបួងសួងចំពោះព្រះរតនៈត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀងរហូតទៅ។

សូមជម្រាបថា ភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាប្រចាំឆ្នាំធំមួយ ដែលប្រជាពលរដ្ឋបានប្រារព្ធធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ក្រោមម្លប់សុខសន្តិភាព បច្ចុប្បន្នកម្ពុជាមានវត្តអារាមជិត៥ពាន់ ព្រះសង្ឃប្រមាណ៧ម៉ឺនអង្គ នៅទូទាំងប្រទេស ជាស្រែបុណ្យ សម្រាប់ប្រជាពុទ្ធបរិស័ទ គោរពសក្ការៈ ធ្វើបុណ្យទាន៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner