ងោកមួយភាំងរេចង្កូតបុកគូថរថយន្តសណ្ដោងរ៉ឺម៉កចតស្ងៀមពីក្រោយ ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាលពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសពីនាក់ទៀត បើករថយន្តកូរ៉េបុករថយន្តសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនៅនឹងកន្លែង ឯពីរនាក់ទៀតរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកម្ចាស់រថយន្តសណ្ដោងរត់គេចខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១២នាទី ទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយតោនកន្លះដឹកទំនិញនំកញ្ចប់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8929 បើកបរដោយបុរសម្នាក់រួម ដំណើរនឹងបុរស២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូទិសពីត្បូងទៅជើង។

មកដល់ចំណុចកើតហេតុខាងលើ តៃកុងឡានក៏ងោកមួយភាំងក៏រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកគូថរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3D-9618 ពីក្រោយពេញទំហឹងបណ្ដាលធ្វើឲ្យបុរសម្នាក់ជាប់ក្នុងកាប៊ីនស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់ស្រាល។ សពរងគ្រោះឈ្មោះ វិន ភេទប្រុស អាយុ៣៦ឆ្នាំ។

ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ វ៉េវ ភេទប្រុស អាយុ១៨ឆ្នាំ និងតៃកុងឡានឈ្មោះ ប៉ូង មករា អាយុ៣៤ឆ្នាំ។ អ្នកទាំងបីរស់នៅភូមិវែង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្នសពតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner