មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរទេសចរណ៍ខេត្ត ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ«ការគិតគូរឡើងវិញពីទេសចរណ៍» និងទិវាពិភពលោកស្អាតឆ្នាំ២០២២
ខេត្តស្ទឹងត្រែង៖ មន្ទីរបរិស្ថាន សហការជាមួយមន្ទីរទេសចរណ៍ ប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ក្រោមប្រធានបទ «ការគិតគូរឡើងវិញ ពីទេសចរណ៍» អមជាមួយនិងការអបអរសាទរទិវាពិភពលោកស្អាតក្នុងឆ្នាំ២០២២នេះ ។

ពិធីនេះផងដែរ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដោយឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន វិស័យឯកជន សិស្សានុសិស្ស នឹងសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ នៅមុខរដ្ឋបាលខេត្តស្ទឹងត្រែង នាឱកាសព្រឹកថ្ងៃទី១៣តុលានេះ ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរ ទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍បញ្ជាក់ថាៈការរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣នេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកឲ្យដំណើរការ និងទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្រោយពេលជួបវិបត្តិជំងឺកូវីដ-១៩ នាមួយរយៈកាលកន្លងទៅនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថាៈក្នុងនាមអាជ្ញាធរខេត្ត សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ ដែលបានរួមសហការគ្នាបានយ៉ាងល្អ ។

ឯកឧត្តមក៏បានមានប្រសាសន៍លើកឡើងទៀតថាៈស្ទឹងត្រែង ជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ។ មានសក្តានុពលសំបូរបែប រួមមានៈទន្លេ៤ហូរកាត់ មានតំបន់រ៉ាមសារ មានប្រាសាទបុរាណ មានសត្វផ្សោតទន្លេមេគង្គ រួមនិងមានបងប្អូនជនជាតិដើមភាគតិចរស់នៅផងដែរ ទាំងនេះ គឺសុទ្ធសឹងជាសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ទេសចរណ៍ ។
ឯកឧត្តម អភិបាលខេត្តបន្តថាៈដើម្បីជម្រុញដល់ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែយល់ច្បាស់បន្ថែមទៀត និងជម្រុញការងារប្រឡងប្រណាំងទីក្រុងស្អាត និងដើម្បីជាការចូលរួមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល នឹងផ្តល់រង្វាន់ល់ទីក្រុងបេក្ខភាព ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួន ជាពិសេសការថែរក្សាបរិស្ថានស្អាត ។

ឯកឧត្តម ក៏បានស្នើសុំឲ្យមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអប់រំលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ចូលរួមកាត់បន្ថយសំណល់ តាមដែលអាចធ្វើទៅបាន និងបន្តជាមួយរដ្ឋបាលខេត្តក្នុងការគ្រប់គ្រង និងរៀបចសំណល់ឲ្យបានល្អប្រសើរតាមគេហដ្ឋាន និងត្រូវជួយរៀបចំសំអាត តុបតែងឲ្យមានសោភ័ណ្ឌភាពល្អ ដើម្បីជាការចូលរួមក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តក្នុងខេត្តយើងផងដែរ ៕ ដេង ម៉ាវិន