តុលាការបង្គាប់ឲ្យកម្លាំងសាធារណៈស្វែងរកចាប់ខ្លួនទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ បើយោងតាមដីកាចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ជាជនត្រូវចោទក្នុងសំណុំរឿងប្រមាថចំពោះអង្គព្រះមហាក្សត្រ។ លោកចៅក្រមបានបញ្ជាដល់កម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ សម រង្ស៊ី មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
លោកចៅក្រមបានបញ្ជាឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួននៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឲ្យទទួលឃុំខ្លួនឈ្មោះ សម រង្ស៊ី នឹងនាំខ្លួនបុគ្គលនេះ ទៅបង្ហាញមុខដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលខ្លីបំផុត។
ជនត្រូវចោទ សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមមាត្រា៤៣៧ «ស្ទួន» នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ជនត្រូវចោទ សម រង្ស៊ី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយវេទិកាវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ កន្លងទៅថ្មីៗនេះ ដោយបានប្រើពាក្យអសុរសធ្ងន់ៗទៅលើព្រះកិត្តិនាម ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជារាស្ត្រ ទូទាំងប្រទេសគោរពស្រលាញ់ស្មើជីវិត។
សូមជម្រាបថា គ្រប់ក្រសួងស្ថាប័នទាំងអស់ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងព្រះបរមរាជវាំង និងគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសដាច់អហង្កាចំពោះជនត្រូវចោទ សម រង្ស៊ី ដែលបានរំលោភបំពានយ៉ាងធ្ងន់លើអង្គព្រះមហាក្សត្រ និងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ធ.ដ