រថយន្ត និងម៉ូតូបុកគ្នាត្រង់ចំណុចស្តុបបែកជាបួន ប្រកែកគ្នាយកត្រូវរៀងៗខ្លួន
ភ្នំពេញ៖ រថយន្តម៉ាកហ្វតរ៉េនជ័រ មួយគ្រឿងបុកគ្នាជាមួយម៉ូតូវីវ៉ាត្រង់ចំណុចស្តុបបែកជាបួន តែប្រកែកគ្នាយកត្រូវរៀងៗខ្លួន បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចចុះមកសួរនាំកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែង និងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1J-0935 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបបែកជាបួន ជាចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AZ-5171 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច មកបុកម៉ូតូចំពាក់កណ្តាលកិនជាប់បណ្តាលឲ្យម្ចាស់រងរបួសស្រាលខណៈនោះភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន ដោយភាគីរថយន្តថារូបគេបើកបរស្តុបភ្លើងខៀវចំណែកខាងភាគីខាងម៉ូតូថារូបគេបើកបរស្តុបភ្លើងខៀវ ដែរធ្វើឲ្យភាគីទាំងសងខាងតឹងសសៃ កដាក់គ្នាធ្វើឲ្យផ្អើលប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវចុះចោមរោមមើល និងសមត្ថកិច្ចចុះមកសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ