ផលវិជ្ជមាននិងអវិជ្ជមាននៃគោលនយោបាយសូន្យកូវីដរបស់ចិន
ចិន៖ការទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន កំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកស្វែងរកការងារ។ ទីក្រុងប៉េកាំង បានបញ្ជាក់ម្តងហើយម្តងទៀត អំពីតម្រូវការចាំបាច់ក្នុងការរក្សាវិធានការប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីសង្គ្រោះជីវិត ប៉ុន្តែមិនមែនជាការសង្រ្គោះជីវភាព។
ចាប់តាំងពីឆ្នាំ ២០២០មក ប្រទេសចិនបានរាយការណ៍ពីការស្លាប់ដោយសារកូវីដ១៩ ចំនួន ៥ ២២៦នាក់ ក្នុងចំណោមប្រជាជនរបស់ខ្លួនចំនួនជាង ១,៤ពាន់លាននាក់។ ប៉ុន្តែបើក្រឡេកមើលសហរដ្ឋអាមេរិកវិញ មានមនុស្សជាមួយលាននាក់ បានស្លាប់ដោយសារតែជំងឺរាតត្បាតសកលមួយនេះ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយវិធានការតឹងតែង គឺចិនត្រូវចំណាយការខាតបង់លើសេដ្ឋកិច្ចរបស់ខ្លួន។
ជាអ្នកក្រុងប៉េកាំង លោក ខៃ ជូ(Cai Xu) អាយុ ៣៦ឆ្នាំបានបិទអាជីវកម្មកម្សាន្តរបស់លោកចំនួនបួនទីតាំងក្នុងចំណោមអាជីវកម្មទាំងប្រាំកន្លែងរបស់លោកនៅក្នុងទីក្រុងប៉េកាំង និងទីក្រុងឆឹងទូ ក្នុងរយៈពេល៣ឆ្នាំ។ ដំបូងឡើយ អាជីវកម្មត្រូវបិទជាបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីអនុវត្តតាមគោលការណ៍ទប់ស្កាត់ជំងឺកូវីដ១៩។ ប៉ុន្តែការប្រឈមនាពេលនេះ គឺពិបាករកអតិថិជនដែលចូលមកក្នុងហាង។
លោក Cai បានបោះបង់ការងាររបស់គាត់ជាស្ថាបត្យករនៅសហគ្រាសរដ្ឋមួយ កាលពីឆ្នាំ២០១៦ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។ លោកបានថ្លែងថា៖ «ចាប់តាំងពីកើតមានជំងឺរាតត្បាតមក ខ្ញុំមានការធុញថប់ បារម្ភ និងខាតបង់ ហើយបន្ទាប់មកអាជីវកម្មរង្គសាល ក៏ចាប់ផ្តើមបិទម្តងមួយៗ»។
ដើម្បីប៉ះប៉ូវនូវការធ្លាក់ចុះនៃអតិថិជន ដែលចូលមកក្នុងហាងផ្ទាល់ លោក Cai បានចាប់ផ្តើមការសម្តែងតន្ត្រីនៅក្នុងហាង ហើយផ្សាយបន្តទៅដល់មនុស្ស ដែលកំពុងធ្វើចត្តាឡីស័ក។ នេះគឺជារឿងដែលគួរភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងពេលនេះ អ្វីដែល Cai កំពុងធ្វើគឺបានចូលរួមដោះស្រាយបញ្ហាមួយផ្នែក ដែលតម្រូវឲ្យលោក Cai ស្វែងរកវិធីផ្សេងទៀត ដើម្បីរក្សាដំណើរការហាងរបស់លោកឲ្យបន្តជីវិតទៅមុខទៀត។
ក្នុងខែមករាដល់ខែមីនា សេដ្ឋកិច្ចរបស់ប្រទេសចិន ស្ទើរតែមិនអាចកើនឡើងរួច ខណៈដែលអាជ្ញាធរចិនបានបន្តប្រយុទ្ធជាមួយនឹងវ៉ារ្យ៉ង់ថ្មីនៃជំងឺកូវីដ១៩ ប្រភទេអូមីក្រុងដែលអាចឆ្លងលឿនជាងមុន។
ក្នុងខែមេសា ឆ្នាំ២០២២នេះ អត្រាអត់ការងារធ្វើក្នុងទីក្រុងបានកើនឡើងដល់ ៦,១ភាគរយ ជាកើនឡើងខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក។ នៅខែកក្កដាកន្លងទៅនេះ អត្រាអត់ការងារធ្វើសម្រាប់អ្នកមានអាយុចន្លោះពី ១៦ទៅ២៤ឆ្នាំ បានកើនឡើងក្នុងកំណត់ត្រាថ្មី គឺ ១៩,៩ភាគរយ។
ទីផ្សារការងារវិញក៏មិនមែនជារឿងងាយស្រួលក្នុងការស្វែងរកដែរ។ ចាប់តាំងពីខែកក្កដាកន្លងមក អ្នកស្រី ចេង ម៉ីលី(Zheng Mili) អាយុ៣០ឆ្នាំ បានដាក់ពាក្យស្វែងរកការងារជាងរយច្បាប់នៅតាមក្រុមហ៊ុនផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនខ្លះ បានហៅអ្នកស្រី Zheng Mili ទៅសម្ភាសការងារក្នុងក្រុងប៉េកាំង។ ប៉ុន្តែតួនាទី ឬមុខតំណែងក្នុងការងារទាំងនេះ គឺមានប្រាក់ខែតិច ស្ទើរពាក់កណ្តាលនៃប្រាក់ខែ ដែលអ្នកស្រីធ្លាប់រកបាន។
អ្នកស្រីបញ្ជាក់ថា៖ «ទីផ្សារការងារគឺពិបាករកមែនទែន»៕
ដោយ៖យ៉ាន អាន