នៅពេលសង្រ្គាមនៅអ៊ុយក្រែនកាន់តែក្តៅ សមាជិកអង្គការអូតង់សន្យាផ្ដល់ប្រព័ន្ធការពារដែនអាកាស

អ៊ុយក្រែន៖ប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអង្គការអូតង់ ជួយការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីទាហានរុស្ស៊ីបានបាញ់មីស៊ីលកម្ទេចតំបន់ដែលមានពលរដ្ឋស៊ីវិលរស់នៅ។ព្រឹត្តិការណ៍នេះ បានជំរុញឱ្យប្រទេសមួយចំនួននៅអឺរ៉ុបរួមមាន ចក្រភពអង់គ្លេស អេស៉្បាញ បារាំង និងប្រទេសមួយចំនួនទៀត បានសន្យាផ្ដល់ជំនួយផ្នែកប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ ការសន្យានេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់អង្គការអូតង់ នៅទីស្នាក់ការកណ្តាល នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

ទោះជាយ៉ាងណា ភាពចម្រុះគ្នានៃការផ្ដល់ជំនួយពីសំណាក់សម្ព័ន្ធមិត្តអង្គការអូតង់ និងការមិនបានកំណត់ពេលវេលាជាក់លាក់ក្នុងការដឹកជញ្ជូន បានធ្វើឱ្យអ៊ុយក្រែនអន្ទះសារង់ចាំ ខណៈដែលក្រុមមេដឹកនាំនៅអឺរ៉ុបដែលតែងតែបង្ហាញការព្រួយបារម្ភចំពោះការបន្តបាញ់មីស៊ីលរបស់រុស្ស៊ី។

គួរដឹងដែរថា ពលរដ្ឋរុស្ស៊ីកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំងផ្ទួនៗគ្នា ដោយសារតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ ដូច្នេះ បញ្ហាប្រឈមនឹងកើតមានឡើងកាន់តែខ្លាំងនៅរដូវរងាខាងមុខនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អង់គ្លេសបានប្រកាសថាខ្លួននឹងបញ្ជូនមីស៊ីលប្រឆាំងយន្តហោះ គ្រឿងសព្វាវុធផ្សេងៗ និងប្រព័ន្ធអាវុធទំនើបចំនួនពីរទៀតដែលសហរដ្ឋអាមេរិកសន្យាថានឹងផ្តល់ឱ្យ។ សម្រាប់ប្រទេសអេស្ប៉ាញវិញ ក៏បានសន្យាថានឹងផ្ដល់ឧបករណ៍បាញ់បង្ហោះគ្រាប់មីស៊ីរយៈចម្ងាយមធ្យមចំនួនបួនផងដែរ។

ដោយឡែក ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា បារាំងនឹងផ្តល់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា ប្រព័ន្ធការពារ​ប្រភេទណា​មួយនោះ​ទេ។

ចំពោះអាល្លឺម៉ង់វិញ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានបញ្ជាក់ថា អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសម៉ាក IRIS-T ពីអាល្លឺម៉ង់កាលពីសប្ដាហ៍មុនរួចហើយ ហើយប្រព័ន្ធការពារដែនអាកាសចំនួនបីបន្ថែមទៀត នឹងដឹកមកដល់នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក  វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសុន្ទរកថាអនឡាញមួយទៅកាន់សភានៃក្រុមប្រឹក្សាអឺរ៉ុបថា ប្រទេសរបស់លោក មានប្រព័ន្ធការពារដែនអាកាសត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ។

នៅឯអង្គការអូតង់ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងឧត្តមសេនីយ៍ Mark A. Milley ប្រធានអគ្គសេនាធិការចម្រុះ បានសង្កត់ធ្ងន់លើការតាំងចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីចូលរួមគ្នាជួយអ៊ុយក្រែន។

លោក អូស្ទីន បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «យើង​លើក​ទឹកចិត្ត​ដល់​សម្ព័ន្ធមិត្តទាំងអស់ឱ្យចូលរួមដោះស្រាយបញ្ហាមួយនេះ​ និង​ផ្តល់​ជំនួយឱ្យបានកាន់តែច្រើនន្ថែម​ទៀត​»។ ប៉ុន្តែលោកក៏បានកត់សម្គាល់ផងដែរថា ការផ្តល់ប្រព័ន្ធការពារដែនអាកាសគឺជាកិច្ចការដ៏ស្មុគស្មាញ និងចំណាយពេលច្រើន រហូតដល់ច្រើនសប្តាហ៍ ឬច្រើនខែ ឬពេលខ្លះអាចដល់រាប់ឆ្នាំក៏មាន​។

លើសពីនេះ រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសសម្ព័ន្ធមិត្តអង្គការអូតង់ចំនួន ១៤ ប្រទេស បូករួមទាំងប្រទេស ហ្វាំងឡង់ បានព្រមព្រៀងបង្កើតគម្រោង «គំនិតផ្តួចផ្តើមលើប្រព័ន្ធការពារដែនអាកាសនៅទ្វីបអឺរ៉ុប» ឬជាភាសាអង់គ្លេសហៅថា “European Sky Shield Initiative”។ គម្រោងនេះ ត្រូវបានដឹកនាំដោយអាល្លឺម៉ង់ដើម្បីបង្កើតប្រព័ន្ធការពារដែនអាកាស និងមីស៊ីលអឺរ៉ុប តាមរយៈការទិញឧបករណ៍ការពារដែនអាកាស និងមីស៊ីលរួមគ្នា។ ទោះជាយ៉ាងណា គម្រោងមួយនេះនឹងត្រូវបានរៀបចំឡើងដើម្បីការពារតែប្រទេសដែលជាសមាជិកអង្គការអូតង់ និងប្រទេសដែលកំពុងរៀបចំចូលជាសមាជិកប៉ុណ្ណោះ ដូច្នេះប្រទេសអ៊ុយក្រែនមិនអាចទទួលបានការការពារពីគម្រោងមួយនេះនោះទេ។

គួររម្លឹកផងដែរថា កាលពីថ្ងៃអង្គារ ក្រុមប្រទេសប្រជាធិបតេយ្យដែលមានឧស្សាហកម្មជឿនលឿនទាំង ៧ ប្រទេស បានអំពាវនាវឱ្យរុស្ស៊ីដកខ្លួនចេញដោយគ្មានលក្ខខណ្ឌពីទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ និងបានទាមទារឱ្យរុស្ស៊ីធានានូវសន្តិសុខរបស់អ៊ុយក្រែន និងត្រូវទទួលខុសត្រូវ ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបាននិយាយថា គោលបំណងយោធារុស្ស៊ីនៅតែមិនផ្លាស់ប្តូរដដែល ហើយបានរិះគន់សហរដ្ឋអាមេរិក និងអង់គ្លេស ដោយចោទប្រកាន់ថាបានរំខានឱកាសនៃការចាប់ផ្ដើមកិច្ចចរចាវាងរុស្ស៊ី និងអ៊ុយក្រែន និងបានញុះញង់ទីក្រុងកៀវ ឱ្យអូសបន្លាយសង្រ្គាមកាន់តែយូរបន្ថែមទៀត៕

ដោយ៖ ធា សុខណា

ads banner