ឯកឧត្តម សុខ សូកាន៖ វិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ក្រោមម្លប់សន្តិភាព

ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ហើយដណ្ដើមបាននូវមេដាយមាសជាច្រើនពីការប្រកួតទាំងកម្រិតអន្តរជាតិ និងពិភពលោក។ កាថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីបើក ការប្រកួតកីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម សុខ សូកាន បញ្ជាក់បន្ថែមថា លទ្ធផលគួរជាទីមោទកភាពនេះ គឺបានមកពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់កីឡាករ កីឡាការិនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានពុះពារគ្រប់ឧបសគ្គដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ ក្នុងឆន្ទៈកសាង និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានសហព័ន្ធ បានបន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាពុំអាចកើតមានឡើងបានទេ ប្រសិនបើគ្មានវត្តមានដ៏ខ្ពង់ខ្ពស់ នៃអតីតថ្នាក់ដឹកនាំសហព័ន្ធរបស់យើងគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងឥស្សរជនជាច្រើនរូបផ្សេងទៀត បានរួមគ្នាផ្តួចផ្តើមគំនិត និងជ្រោមជ្រែងវិស័យកីឡានេះ តាមរយៈការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅក្នុងឆ្នាំ១៩៩២ ដែលនេះគឺជាមរតកនៃការខិតខំប្រឹងប្រែង បន្តមកដល់យុវជនបន្តវេដែលបច្ចុប្បន្នឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាប្រធានកិត្តិយស។ ឯកឧត្តម បន្ថែមថា សហព័ន្ធ បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេស និងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា “កីឡារស់ក្នុងសន្តិភាព ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc ។

ដោយឡែកឯកឧត្តម សុខ សូកាន បន្តថា សហព័ន្ធកីឡា ប៊ូល និងប៉េតង់ ជាប្រភេទកីឡាដែលមានសក្តានុពល ដោយយើងធ្លាប់បានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិកម្រិតថ្នាក់តំបន់ និងពិភពលោក ចំនួន៣៨៧គ្រឿង មាស១១៣ ប្រាក់១៣៦ និងសំរិទ្ធ១៣៨គ្រឿង គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តម បន្ថែមថា សមិទ្ធផលដែលកើតចេញពីខិតខំប្រឹងប្រែងរបស់អតីតថ្នាក់ដឹកនាំសហព័ន្ធរបស់យើងគឺសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងឥស្សរជន ជាច្រើនរូបផ្សេងទៀត និងថ្នាក់ដឹកនាំសហព័ន្ធបច្ចុប្បន្ន និងឆន្ទៈរបស់គ្រូបង្វឹក កីឡាករ កីឡាការិនី ទើបត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ប្រសិទ្ធនាមថា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់ ព្រមទាំងទទួលបាននូវ ពានរង្វាន់ « Le Prix MarchelB Pagnol » ផងដែរ។

ដោយឡែកឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់នូវថវិកាគាំទ្រប្រចាំឆ្នាំជូនដល់គ្រប់សហព័ន្ធកីឡាជាតិ ដើម្បីជាចំណែកយ៉ាងសំខាន់ធ្វើឱ្យសហព័ន្ធអាចបន្តសកម្មភាពការងារប្រចាំថ្ងៃ ជាពិសេសការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលនេះ លើសពីការគាំទ្រលើបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ទីលានហ្វឹកហាត់ ការប្រមូលផ្តុំគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិដោយផ្តល់នូវថវិកាឧបត្ថម្ភប្រចាំខែ ប្រាក់អាហារ និងការស្នាក់នៅរួមគ្នា ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្តជ័យលាភីពាន់រង្វាន់អន្តរជាតិពីរាជរដ្ឋាភិបាល ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក៏មិនខុសពីឆ្នាំមុនដែរ គឺសហព័ន្ធបានផ្ដល់ការអនុញ្ញាតទៅកាន់តំបន់ទាំង៥ និង៤ស្ថាប័ន រៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីសម្រិតសម្រាំងជ្រើសរើសយកជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ មកធ្វើការប្រកួតនៅរាជធានីភ្នំពេញ។ ដោយមានប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន១៧ចែកជា ៥វិញ្ញាសា (រូបមន្តវិលជុំ) រួមមាន៖ វិញ្ញាសា ឯកត្តជនបុរស ,វិញ្ញាសាឯកត្តជននារី ,វិញ្ញាសាយុវជនក្រោម១៨ឆ្នាំ ១ទល់១ ,វិញ្ញាសាយុវនារី ក្រោម១៨ឆ្នាំ ១ទល់១ និងវិញ្ញាសា ចម្រុះ ២នាក់ទល់២នាក់៕ ចាន់ វិចិត្រ រូបភាព ផេក Camsoc

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner