ឯកឧត្តមបណ្ឌិត ថោង ខុន៖ ម្ចាស់ផ្ទះគោលដៅទាំង៥ធំៗ ត្រូវរៀបចំតែងលម្អ និងបង្ហាញពីភាពកក់ក្តៅត្រៀមទទួលភ្ញៀវទេសចរ នាឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមនៅក្នុងយុទ្ធនាការកម្ពុជាស្អាត ជាពិសេសបណ្ដារាជធានីខេត្ត-ក្រុង ដែលជាគោលដៅត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម។

នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងជាការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី១៥ ខែតុលា នៅអាគារគណកម្មាធិការជាតិអូឡាំពិិកកម្ពុជា។

បន្ទាប់ពីបានបង្ហាញនូវសមិទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចផ្លែផ្កាជាបន្ដបន្ទាប់ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ឯកឧត្តម ថោង ខុន បានស្នើរអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួម នៅក្នុងយុទ្ធនាការកម្ពុជាស្អាត ជាពិសេសគឺបណ្ដារាជធានីខេត្ត-ក្រុង ដែលជាគោលដៅ មានខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងរាជធានីភ្នំពេញ ត្រូវតែធ្វើការតុបតែងលម្អ បំភ្លឺភ្លើងអោយបានស្អាតអោយក្លាយចលនារបស់ជាតិមួយ ដើម្បីស្វាគមន៍ និងអបអរសាទរព្រឹត្តការណ៍ប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម បន្តថា តាមបទពិសោធន៍ នៃការធ្វើជាម្ចាស់កិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កន្លងទៅ គឺប្រតិភូបណ្តាប្រទេសនានា ចូលចិត្តដើរលេងច្រើន បន្ទាប់ពីធ្វើការងារយ៉ាងសកម្មរួចហើយ គឺត្រូវការដើរកំសាន្ត ដូច្នេះយើងត្រូវផ្តល់សេវា ទេសចរប្រកបដោយគុណភាព កក់ក្តៅ និងរួសរាយរាក់ទាក់ គឺជាការចាំបាច់ណាស់រួមទាំងការដឹកជញ្ជូន ដូចជា Pass App ជាដើម ដោយសារភ្ញៀវខ្លះមិនចូលចិត្តអ្វីដែលយើងរៀបចំទេ គឺពួកគាត់ទៅដោយខ្លួនឯង ចំនុចនេះគឺក្នុងនាមជាម្ចាស់ផ្ទះត្រូវផ្តល់បដិសណ្ឋារកិច្ចដ៏ល្អ ហើយគ្រប់សេវាទាំងអស់ត្រូវមានគុណភាព ល្អ តម្លៃក៏សមរម្យ ប៉ុន្តែត្រូវមានភាពរួសរាយរាក់ទាក់ ដើម្បីត្រៀមទទួលភ្ញៀវទេសចររាប់សិបម៉ឺននាក់ មកទស្សនាកម្ពុជា។ ឯកឧត្តម បណ្ឌិត ថោង ខុន បន្ថែមថា មិនថាកន្លែងផ្តល់សេវាទេសចរនោះទេ តាម ផ្សារ តំបន់ប្រជុំជន គឺប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ច បង្ហាញនូវភាពរួសរាយរាក់ទាក់ទទួលនូវ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទៅតាមគោលដៅធំៗទាំង៥ ដែលត្រៀមធ្វើជាម្ចាស់ផ្ទះ និងបណ្ដារាជធានីខេត្ត-ក្រុងផ្សេងៗដែលនៅជាប់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកការប្រកួតនាថ្ងៃទី០៣ និងបិទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ រូបភាព ផេក Camsoc

