មនុស្ស​២៨​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅក្នុង​​អណ្ដូង​ធ្យូង​ថ្ម​ ភាគ​ខាង​ជើង​ប្រទេស​តួកគី

តួកគី៖​ អណ្ដូង​ធ្យូង​ថ្ម​មួយ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​តួកគី បានផ្ទុះឡើងដោយ​សម្លាប់​មនុស្ស​ចំនួន​២៨​នាក់ និងធ្វើ​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​ត្រូវ​ជាប់​គាំង​នៅ​ក្នុងអណ្ដូង​រ៉ែ​នោះ។ ហេតុការណ៍​ផ្ទុះ​នេះកើត​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នៅ​ឯ​អណ្ដូង​រ៉ែ​មួយ​កន្លែង ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​ទីក្រុង AAmasra នៃ​ខេត្ត Bartin។

រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​តួកគី លោក Fahrettin Koca បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័ររបស់​លោក​ថា មាន​មនុស្ស​ចំនួន​២៨​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតនៅក្នុង​ឧបទ្ទវហេតុ​នេះ។​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ជួយ​សង្គ្រោះ​មនុស្ស​ចំនួន​៥៨​នាក់ចេញ​ពី​អណ្ដូង​រ៉ែ​កើត​ហេតុ​។នៅក្នុង​ចំណោម​អ្នក​ដែល​គេ​ជួយ​សង្គ្រោះ​បាន​នោះ មាន​១១​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

រហូតមក​ទល់​ពេល​នេះ អាជ្ញាធរ​តួកគី​នៅ​តែ​បន្ត​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​របស់​ខ្លួន​បន្ត​ទៀត ដោយ​សារ​គេ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​សិប​នាក់​ទៀត​កំពុង​ជាប់គាំង​នៅ​ក្នុង​អណ្ដូងរ៉ែ​ដែល​ផ្ទុះ​។ អណ្ដូង​រ៉ែ​ដែល​ផ្ទុះ​នោះ មាន​មនុស្ស​ធ្វើ​ការ​ចំនួន​១១០​នាក់​។

ចំណែក​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ លោក​រដ្ឋមន្ដ្រី​ថាមពល​តួកគី Fatih Donmez ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់បាន​វាយ​តម្លៃ​ជា​បឋម​ថា ទំនង​ជា​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆេះណាមួយ​នៅ​ក្នុង​អណ្ដូង​រ៉ែ​នោះ ដោយ​ផ្អែក​ទៅ​លើ​ឧស្ម័ន​ដែល​ភាយ​ចេញ​ពី​អណ្ដូង​រ៉ែ​។

ក្រៅ​ពី​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​របស់​តួកគី គឺ​លោក Suleyman Soylu ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អណ្ដូងរ៉ែ​ដែល​ជួប​គ្រោះ​ថ្នាក់​ផ្ទុះ​នោះ​ដែរ ដើម្បី​សម្រប​សម្រួល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ប៉ុន្តែ​លោក​រដ្ឋមន្ដ្រី​នៅ​មិន​ទាន់​មាន​តួលេខ​អ្នក​ជាប់​គាំង​ក្នុង​អណ្ដូង​រ៉ែ​នៅ​ក្នុង​ដៃ​សម្រាប់​បញ្ចេញ​ដល់​សារព័ត៌មាន​នៅ​ឡើយ​ទេ​។

ដោយ​ឡែក លោក រ៉ាហ្ស៊ីប តាយីប អ៊ែរដូហ្គាន់ ប្រធានាធិបតី​តួកគី បានថ្លែង​តាម​បណ្ដាញ​សង្គម​ធ្វីតធឺ​ដោយ​ក្ដី​សង្ឃឹម​ថា នឹង​មិន​មាន​ការ​បាត់​បង់​ជីវិត​ណាមួយ​កើន​ឡើង​បន្ថែម​ទៀត​ទេ ខណៈ​ពេល​ដែល​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តែ​បន្ត​ប្រតិបត្តិការ​សង្គ្រោះ​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​។ លោក​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំង​អស់​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្វែង​រក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុការណ៍​ផ្ទុះ​អណ្ដូង​រ៉ែ​ធ្យូង​នេះ ដោយ​បាន​ប្រកាស​លុប​ចោល​កម្មវិធី​ដែល​បាន​គ្រោង​ទុក​ទាំង​អស់​របស់​លោក ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា ឆ្នាំ​២០២២​។

គួរ​ជម្រាប​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​តួកគី​ជួប​គ្រោះ​អាក្រក់ដោយ​ហេតុការណ៍​ផ្ទុះ​អណ្ដូង​រ៉ែ​ដូច្នេះ​។ កាល​ពី​ឆ្នាំ​២០១៤ ការផ្ទុះ​ឆេះ​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​នៅ​ក្នុង​ទីក្រុង Soma ភាគ​ខាង​លិច​ប្រទេស​តួកគី បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន​៣០១​នាក់​៕ ដោយ៖ កែវ កិរិយា

ads banner