លោក សុន ឆ័យ អះអាងពីការត្រៀមប្តឹងឧទ្ធរណ៍ ក្រោយចាញ់ក្តីសំណុំរឿងនយោបាយនៅសាលាដំបូង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានអះអាងពីការត្រៀមប្តឹងទៅឧទ្ធរណ៍ នៅក្នុងសំណុំរឿងនយោបាយរបស់លោកដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានកាត់ឱ្យចាញ់ក្តី កាលពីសុក្រទី៧ខែតុលាឆ្នាំ២០២២។ ការអះអាងយ៉ាងដូច្នេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឱ្យលោក សុន ឆ័យ ចាញ់ក្តី ពីបទបរិហាកេរ្ត៍សាធារណៈ តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។

លោក សុន ឆ័យ ថា៖​ «ខ្ញុំបានសម្រេចជាមួយមេធាវីហើយ ថានឹងប្តឹងទៅឧទ្ធរណ៍ ហើយយើងនឹងរៀបចំបែបបទទៅតាមនីតិវិធី ដើម្បីប្តឹងករណីនេះទៅឧទ្ធរណ៍ថែមទៀត»។

ប៉ុន្តែលោក សុន ឆ័យ មិនបានបញ្ជាក់ពីពេលវេលានៃការប្តឹងឡើងទៅឧទ្ធរណ៍នោះឡើយ តែលោកអះអាងថា លោកទុកឲ្យមេធាវី លោក ជូង ជូងី ជាអ្នកសម្រេចក្នុងការប្តឹងបន្តនេះ។

កាលពីថ្ងៃសុក្រទី៧ខែតុលាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបាន​ប្រកាស​ពី​សាល​ក្រម​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍ ​នៃបណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ និង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សម្រេច​ឲ្យលោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ចាញ់ក្តី។

សាលក្រមតុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅតាមបទបរិហាកេរ្តិ៍ជាសាធារណៈ។

រីឯបណ្តឹងគណបក្សប្រជាជនកម្ពុជាតុលាការបានបង្គាប់លោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួនចំនួន៨លានរៀលនិងតម្រូវឱ្យសងជំងឺចិត្តចំនួនបីពាន់លានរៀល ឬស្មើនឹង ៧៥០,០០០ ដុល្លារអាមេរិក។

ការសម្រេចរបស់តុលាការបែបនេះ ធ្វើឱ្យលោក សុន ឆ័យ និងមេធាវីរបស់លោក គឺលោក ជូង ជូងី ហាក់មិនសុខចិត្ត ។

គួរជម្រាបថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានរងនូវបណ្តឹងចំនួនពីរ ពីសំណាក់ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។ បណ្តឹងទាំងពីរនោះ ធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់ The Cambodia Daily ជុំវិញការបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ មានបញ្ហាកេងបន្លំ និងលួចសន្លឹកឆ្នោត។

ក៏ប៉ុន្តែសម្រាប់លោក សុន ឆ័យ ការលើកឡើងនោះគឺជាសេរីភាពរបស់អ្នកនយោបាយ៕ ដោយ៖ សេក ប្រាក់

ads banner