អ.ស.ប៖ ប្រជាជនហៃទីជិតពីរម៉ឺននាក់ប្រឈមមុខនឹងការស្លាប់ដោយភាពអត់ឃ្លាន
អ.ស.ប៖អង្គការសហប្រជាជាតិ(អ.ស.ប)បានព្រមានអំពីបញ្ហាកង្វះអាហារូបត្ថម្ភនៅប្រទេសហៃទី ដែលកំពុងតែគំរាមកំហែងដល់មនុស្សប្រមាណប្រាំលាននាក់។ ក្នុងចំណោមមនុស្ស មនុស្សជិតពីរម៉ឺននាក់នៅតំបន់ Cite Soleil ដែលជាតំបន់ដ៏ក្រីក្របំផុតមួយនៃរដ្ឋធានី អាចប្រឈមមុខនឹងការស្លាប់ដោយសារតែភាពអត់ឃ្លាន។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយស្រង់សម្ដីលោក Jean-Martin Bauer នាយកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី។
លោក Jean-Martin Bauer សង្កត់ធ្ងន់ថា៖ «ប្រទេសហៃទីកំពុងប្រឈមមុខនឹងមហន្តរាយមនុស្សធម៌ដ៏អាក្រក់ ហើយភាពធ្ងន់ធ្ងរនិងវិសាលភាពនៃអសន្តិសុខស្បៀងនៅក្នុងប្រទេសនេះ វិវត្តទៅមុខកាន់តែអាក្រក់គួរឱ្យបារម្ភ»។
ហៃទី ប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក កំពុងតែទទួលរងនូវវិបត្តិនយោបាយ សេដ្ឋកិច្ច សុខភាព និងសន្តិសុខយ៉ាងធ្ងន់ធ្ងរ ដែលការណ៍នេះបានជំរុញឱ្យប្រទេសហៃទីត្រូវជាប់គាំង ។ចំណែកអំពើហិង្សាក៏មានទំនោរកើនឡើងជាបន្តបន្ទាប់។ក្រុមក្មេងទំនើងនៅហៃទីនាំគ្នាទៅរារាំងស្ថានីយប្រេងឥន្ធនៈដ៏សំខាន់របស់ប្រទេសហៃទី បណ្ដាលឱ្យខូចខាតដល់សង្វាក់ផ្គត់ផ្គង់ទឹក ក៏ដូចជាស្បៀងអាហារជាមូលដ្ឋាន។
នៅតំបន់ Cite Soleil មន្ដ្រី អ.ស.បគូសបញ្ជាក់ថា កម្រិតអសន្តិសុខស្បៀងបានកើនឡើងដល់កម្រិតទី៥ ជាចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតរបស់អ.ស.ប ដែលមានន័យថា ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ មានលទ្ធភាពទទួលបានអាហារតិចតួច ហើយអាហារនោះទៀតសោត ក៏មិនមានសុវត្ថិភាព ជាអាហារគ្រោះថ្នាក់ដែលអាចមានហានិភ័យដល់សុខភាព។
កាលពីថ្ងៃអង្គារ ទី១១ ខែតុលា អង្គការសុខភាពពិភពលោកបានរាយការណ៍អំពីករណីឆ្លងជំងឺអាសន្នរោគចំនួន៣២ករណី ដែលនៅក្នុងនោះមានករណីស្លាប់ចំនួន១៦។ វត្តមាននៃជំងឺអាសន្នរោគនៅហៃទីនាពេលនេះ លេចឡើង៣ឆ្នាំក្រោយពីប្រទេសនេះរងគ្រោះដោយជំងឺឆ្លងរាតត្បាតដោយទឹកគគ្រិច ដែលបានសម្លាប់មនុស្សអស់រយៈ១០ម៉ឺននាក់។
ទាក់ទងនឹងករណីនេះដែរ មន្ដ្រីអ.ស.ប មួយរូបទៀតបានលើកឡើងថា មានកុមារអាយុក្រោម៥ឆ្នាំ យ៉ាងហោចណាស់១០ម៉ឺននាក់ កំពុងរស់នៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្មេងៗទាំងនោះងាយប្រឈមនឹងការឆ្លងជំងឺអាសន្នរោគ។
ប្រមុខដឹកនាំហៃទី លោកនាយករដ្ឋមន្ដ្រី Ariel Henry បានស្នើសុំជំនួយផ្នែកយោធាពីបរទេស ប៉ុន្តែការអំពាវនាវនេះត្រូវបានប្រជាជនហៃទីមួយចំនួនរិះគន់ និងប្រៀបប្រដូចជំនួយយោធាពីបរទេសទៅនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហៃទីពីបរទេស។ អ.ស.ប បានអំពាវនាវឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធពិសេសអន្ដរជាតិទៅកាន់ប្រទេសហៃទីជាបន្ទាន់ ដើម្បីជួយគ្រប់គ្រងសន្តិសុខ និងស្ថិរភាពនៃប្រទេសនេះ។ ស្ថានភាពសន្តិសុខនៃប្រទេសហៃទីធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ខ្លាំង ដោយសូម្បីតែស្ថានីយប្រេងឥន្ធនៈដ៏បំផុតរបស់ប្រទេសនេះ និងឃ្លាំងជំនួយរបស់អង្គការជាច្រើនក៏ត្រូវប្រឈមនឹងការចូលលួចពីសំណាក់ក្រុមជនទុច្ចរិតផងដែរ។
ជាប្រទេសដ៏ក្រីក្របំផុតមួយនៅលើពិភពលោក ហៃទីទទួលរងនូវវិបត្តផ្ទួនៗគ្នាជាច្រើន ដូចជាការធ្វើឃាតប្រធានាធិបតី លោក Jovenel Moïse ក្នុងខែកក្កដា ឆ្នាំ២០២១ និងការរញ្ជួយដីដ៏ធំដែលបានឆក់យកជីវិតមនុស្សជាង២.២០០នាក់៕ ដោយ៖ កែវ កិរិយា