ក្រុមប្រឹក្សាសកម្មភាពជនពិការស្នើឱ្យសំណង់ ឫម្ចាស់អគារធំៗ ដែលមានជាប់កាតព្វកិច្ច ជួយសម្រួលការសាងសង់កន្លែងសម្រាប់ជនមានពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យសំណង់ ឫម្ចាស់អគារធំៗ ដែលមានជាប់កាតព្វកិច្ច ជួយសាងសង់កន្លែងសម្រាប់ជនមានពិការភាព ដើម្បីសម្រួលឱ្យពួកគាត់អាចធ្វើដំណើរបាន។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជននិងជាអគ្គលេខាធិកាក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រាប់ថាស្ថានភាពក្នុងប្រទេសកម្ពុជាមានបែងចែកជាពីរប្រភេទ គឺទី១. សំណង់សាងសង់ក្រោយច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដែលអនុម័ត ភាគច្រើនម្ចាស់សាងសង់នេះ គឺបានគោរពនូវបទដ្ឋានគតិយុត្តិ អប្បបរមាសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ដែលមើលឃើញមាននៅតាមផ្សារ ស្ថានីយប្រេងឥន្ធនៈនានា ធនាគារ និងសណ្ឋាគារធំៗ គឺបានចាប់ផ្ដើមសាងសង់ហើយ និងទី២. សំណង់មុនច្បាប់ដែលបានអនុម័ត គឺម្ចាស់សំណង់បានចាប់ផ្ដើមកែសម្រួលឱ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព។

លោកបានបន្តថា៖ «នៅក្នុងច្បាប់ គឺគេមិនបានចាប់បង្ខំថា ត្រូវតែមានសំណង់ហ្នឹងទេសម្រាប់ជនដែលមានពិការភាពទាំងអស់ទេ គឺគេប្រើរូបមន្តឱ្យមានការស្ម័គ្រចិត្ត សម្រាប់បងប្អូនអ្នកដែលមានលទ្ធភាពកែសំណង់ហ្នឹងបានចឹង»។

លោកបន្តថា៖ «ខ្ញុំទទូចស្នើឱ្យម្ចាស់សំណង់អគារធំៗ ដែលមានជាប់កាតព្វកិច្ច ពីព្រោះសំណង់មួយចំនួនដែលមិនជាប់កាតព្វកិច្ច គឺគេមិនចាំបាច់ត្រូវធ្វើទេ»។

លោកបន្ថែមថា ចំណែកការជាប់កាតព្វកិច្ចនេះ គឺសំណង់ដែលមានជនមានពិការភាព ត្រូវការប្រើប្រាស់និងធ្វើដំណើរជាអចិន្ត្រៃយ៍ ហើយសំណង់ដែលមិនជាប់កាតព្វកិច្ច ពីព្រោះថាមិនមានជនមានពិការភាព។

ប្រធានសមាគមតន្ត្រីជនពិការកម្ពុជា គឺលោក ជា ហ៊ួត ដែលជាជនពិការភ្នែក បានប្រាប់ថាស្ថានភាពជនពិការចប្ចុប្បន្នកំពុងប្រឈមបញ្ហា និងឧបសគ្គជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិត និងសុខភាពរបស់ពួកគាត់ជាដើម។ ទោះបីជាទទួលបានការគាំពារពីរាជរដ្ឋាភិបាលក៏ដោយក៏នៅតែមានភាពខ្វះចន្លោះ ពីព្រោះពួកគាត់មិនអាចចូលរួមទាមទារឱ្យវិស័យឯកជន គោរពតាមការស្នើសុំពីរាជរដ្ឋាភិបាលបានឡើយ ដូចជា ផ្លូវធ្វើដំណើរ បន្ទប់ជួល និងតាមផ្សារនានាជាដើម។

លោក ជា ហ៊ួត លើកឡើងថា៖ «ខ្ញុំនូវតែបន្តជួលគេឱ្យដឹកទៅកន្លែងប្រកបមុខរបររកស៊ីអ៊ីចឹង ហើយក្រុមប្រឹក្សាសកម្មភាពជនពិការ ចេះតែស្នើសុំទៅខាងឯកជនទៅ ដើម្បីសម្រួលដល់ជនពិការ ប៉ុន្តែខាងឯកជនគេក៏គិតពីការរកស៊ីគេដែរ បើគិតដល់ជនពិការ គឺខាតការរកស៊ីរបស់គេ។

លោកបន្តថា ហើយប្រហែលគេគិតថា មិនសូវមានជនពិការហើយតាមមើល ទើបមិនមានកន្លែងសម្រាប់សម្រួលដល់ពួកខ្ញុំ»។លោកបន្ថែមថា សូម្បីតែការរស់នៅបន្ទប់ជួលសព្វថ្ងៃនេះ ម្ចាស់ផ្ទះជួលមិនមានកន្លែងជួលសម្រាប់ឲ្យជនពិការស្នាក់នៅឡើយ បើចង់បានភាពងាយស្រួលមានតែរៀបចំនិងកែច្នៃកន្លែងធ្វើដំណើរដោយខ្លួនឯង៕ ដោយ៖ ជា សុខនី

ads banner